(ភ្នំពេញ)៖ លោក ង្វៀន ហ្វ៊ូជុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងប្រាប់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាថា ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា គឺជាផ្នែកមួយ ដែលជួយឲ្យវៀតណាម រីកចម្រើនដូចសព្វថ្ងៃនេះ។
ប្រធានរដ្ឋវៀតណាម បានថ្លែងបែបនេះ ក្នុងឱកាសដែលលោក បានជួបពិភាក្សាការងារជាមួយ សម្តេចមហាពញាចក្រ ហេង សំរិន នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងអំឡុងពេលដែលលោក អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ ចំនួន២ថ្ងៃនៅកម្ពុជា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ហេង សំរិន បានផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មាន យ៉ាងដូច្នេះថា៖ «លោក (ប្រធានរដ្ឋវៀតណាម) ក៏បានលើកឡើងថា វៀតណាមដែលបានអភិវឌ្ឍន៍ ដល់សព្វថ្ងៃ ក៏ដោយសារមានការឧបត្ថម្ភគាំទ្រ ពីប្រជាជន ក៏ដូចជាពីបណ្តាប្រទេស ជិតខាងជាមិត្ត ជាបងប្អូនរួមរស់ ជាពិសេសប្រទេសកម្ពុជាផងដែរ ដែលតែងតែជួយគាំទ្រ ចំពោះការអភិវឌ្ឍ របស់វៀតណាម។ ទន្ទឹមនឹងនេះ ប្រធានរដ្ឋក៏បានសម្តែងនូវការអរគុណ យ៉ាងស្មោះស្ម័គ្រ ពីប្រជាជនកម្ពុជា ចំពោះប្រជាជនវៀតណាម នូវការតស៊ូរំដោះជាតិកាលពីមុន ក៏ដូចជាចូលរួមអភិវឌ្ឍន៍វៀតណាម ដូចពេលបច្ចុប្បន្ន»។
លោក កែវ ពិសិដ្ឋ បានថ្លែងទៀតថា នៅក្នុងជំនួបនោះ សម្តេច ហេង សំរិន បានប្រាប់ដល់លោក ង្វៀន ហ្វ៊ូជុង អំពីប្រទេសកម្ពុជា ដែលទើបរៀបចំការប្រារព្ធខួប លើកទី៤០ឆ្នាំ នៃការរំដោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងន័យនេះ សម្តេច ហេង សំរិន បានថ្លែងអំណរគុណយ៉ាងខ្លាំងផងដែរ ចំពោះប្រទេសវៀតណាម ដែលបានគាំទ្រ និងលះបង់កម្លាំងកាយចិត្ត ដើម្បីជួយរំដោះប្រទេសកម្ពុជា កាលពីគ្រានោះ។
សម្តេច ហេង សំរិន បញ្ជាក់ថា៖ «កម្ពុជាទើបបានរៀបចំ នៃការប្រារព្ធខួប ទិវាជ័យជម្នះ ៧មករា ដែលនេះជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តមួយ នៃការតស៊ូកម្ពុជា ដែលមានការជួយជ្រោមជ្រែង គាំទ្រដ៏ស្មោះសរ ពីយុទ្ធមិត្តកងទ័ពស្ម័គ្រចិត្តវៀតណាម នៅក្នុងការវាយរំលំរបបប្រល័យពូជសាសន៍ នៅក្នុងថ្ងៃ៧ មករា ១៩៧៩។ ហើយមកដល់បច្ចុប្បន្ន ប្រជាជនកម្ពុជា នៅតែមិនភ្លេចចំពោះគុណូបការៈ នៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជា សាច់ស្រស់ ឈាមស្រស់ នៅក្នុងបុព្វហេតុរំដោះ ប្រជាជនកម្ពុជា»។
លោក កែវ ពិសិដ្ឋ បានថ្លែងទៀតថា ក្នុងនាមប្រជាជនកម្ពុជា សម្តេច ហេង សំរិន បានសម្តែងការថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រ ប្រជាជនកម្ពុជា នូវគ្រប់ដំណាក់កាល នៃការតស៊ូរំដោះជាតិ ដែលបានរួមចំណែកជួយស្តារ និងកសាងប្រទេសជាតិ កម្ពុជាមានការរីកចម្រើ រហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនឹងនេះ សម្តេចក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយជាទឹកប្រាក់ ២៥លានដុល្លារអាមេរិក ដើម្បីសាងសង់អគារធ្វើការ របស់រដ្ឋសភា១ខ្នង នៅពេលខាងមុខ។
ដោយឡែក សម្រាប់លោក ង្វៀន ហ្វ៊ូជុង បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានដឹកនាំ ប្រតិភូជាន់ខ្ពស់វៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ លោកបានលើកឡើងថា ទស្សនកិច្ចផ្លូវរដ្ឋនេះ គណៈប្រតិភូពិភាក្សាការងារទូទៅ និងអន្តរជាតិ និងបន្តការពិភាក្សា ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ទាំងបច្ចុប្បន្ន និងពេលអនាគត នៅក្នុងស្មារតី សន្តិភាព មិត្តភាព សាមគ្គីភាព ភាតរភាព ក្នុងនាមប្រទេសជិតខាង និងជាប្រទេសបងប្អូន។
បើតាមលោក កែវ ពិសិដ្ឋ ប្រធានរដ្ឋវៀតណាម ក៏បានលើកឡើងផងដែរ អំពីទំនាក់ទំនងប្រទេសទាំងពីរ ដែលបានឆ្លងកាត់ការលំបាកជាច្រើន ហើយប្រទេសទាំងពីរ ក៏បានពុះពាររាល់ការលំបាក ដើម្បីដណ្តើមនូវជ័យជម្នះ សម្រាប់ប្រទេសរៀងៗខ្លួន។ ហើយបច្ចុប្បន្ន ប្រទេសទាំងពីរ នឹងខិតខំបន្តពង្រឹង កសាងអភិវឌ្ឍន៍ ប្រទេសទាំងពីររៀងៗខ្លួនបន្ថែមទៀត៕