(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមទប់ស្កាត់ព័ត៌មានមិនពិត Fake News ដែលព្យាយាមបំពុលដោយក្រុមជនអគតិមួយចំនួនតូច ក្នុងចេតនាអាក្រក់ផ្សព្វផ្សាយព័ត៌មានបំផ្លាញ សង្គមជាតិ។
សារអំពាវនាវតាមរយៈ Facebook របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ Facebook របស់សម្ដេចតេជោត្រូវបានក្រុមឧក្រិដ្ឋជន លួចចូលគ្រប់គ្រង (Hack) អស់ប៉ុន្មានម៉ោង ហើយពួកគេបានបង្ហោះព័ត៌មានក្លែងក្លាយ ដែលមាននាំឲ្យមានការភ័ន្ដច្រឡំ ពីសំណាក់ប្រជាពលរដ្ឋផងដែរ។
តាមរយៈ Facebook នៅព្រឹកថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖
ពូសុំអរគុណកូនក្មួយទាំងអស់ ដែលយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ព័ត៌មានមិនពិត (fake news) ដែលព្យាយាមបំពុលដោយក្រុមជនអគតិមួយចំនួនតូច ក្នុងចេតនាអាក្រក់ផ្សព្វផ្សាយព័ត៌មានបំផ្លាញ សង្គមជាតិយើង។ ពូតែងតែកោតសរសើរកូនក្មួយដែលខិតខំសិក្សាជំនាញ បច្ចេកវិទ្យាអាយធី (Information Technology)។
ពូចង់ឲ្យកម្ពុជាក្លាយជាប្រទេសដែលរីកចម្រើនផ្នែកបច្ចេកវិទ្យា ស្របទៅនឹងតម្រូវការសង្គម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិសព្វថ្ងៃ (E-People & E-government) ហើយពូគាំទ្រឲ្យមានការអភិវឌ្ឍកាន់តែខ្លាំងឡើងលើប្រព័ន្ធអ៊ិនធឺណិតល្បឿនលឿន និងមាន free wi-fi ឲ្យកាន់តែច្រើននៅក្នុងប្រទេសយើង។
ច្បាស់ណាស់ មិនថាតែជំនាញបច្ចេកវិទ្យាមួយទេ គឺគ្រប់ជំនាញទាំងអស់ក្មួយៗ ត្រូវតែបន្តសិក្សាស្រាវជ្រាវរៀនសូត្រទៅមុខថែមទៀត ហើយត្រូវមានការប្រយ័ត្នប្រយែងខ្ពស់ ក្នុងការប្រើប្រាស់ និងគ្រប់គ្រងឲ្យបានហ្មត់ចត់ល្អបំផុត។ សូម្បីតែគណនេយ្យហ្វេសប៊ុកពូ ក៏មានក្រុមជនខិលខូច បានព្យាយាមចូលលួចជាច្រើនដងដែរ។
ពូសុំលើកទឹកចិត្ត និងគាំទ្រកូនក្មួយយកជំនាញ និងចំណេះដឹង ជាពិសេសជំនាញបច្ចេកវិទ្យា មកបម្រើកិច្ចការប្រទេសជាតិឲ្យមានប្រយោជន៍ ចៀសវាងទៅធ្វើអ្វីមួយដែលបំផ្លាញដល់អ្នកដទៃ និងសង្គមជាតិ។ អរគុណក្រុមហ៊ុនហ្វេសប៊ុក ដែលបានសហការគ្រប់គ្រងគណនេយ្យហ្វេសប៊ុករបស់ខ្ញុំ មានសុវត្ថិភាពឡើងវិញ និងអរគុណកូនក្មួយទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានពិតល្អៗអំពីកម្ពុជា»។
សូមបញ្ជាក់ថា Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា Hack ហើយ នៅវេលាម៉ោងជិត១២៖០០ ថ្ងៃត្រង់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ហើយត្រូវបានក្រុមការងារបច្ចេកទេស បានសហការជាមួយក្រុមហ៊ុន Facebook បានយកមកគ្រប់គ្រងវិញ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩៕