(ភ្នំពេញ)៖ បទ «ព្រោះគេមនុស្សដំបូង» ដែលនិពន្ធដោយបេក្ខជនមកពីខេត្តខេត្តកណ្តាល ងឿយ ប៊ុនរត្ន័ (Ah Roman) បានទទួលជយលាភី ក្នុងកម្មវិធី «ស្នាដៃកូនខ្មែរ សម្រាប់ មាស សុខសោភា» ។
កម្មវិធីនេះ បានបង្កើតឡើងដោយតារាចម្រៀងស្រី ដែលតែងតែប្រកាន់គោលជំហរដ៏រឹងមាំថា មិនច្រៀងបទចម្រៀងពីបរទេស កញ្ញាមាស សុខសោភា បានបន្តបេសកម្មរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីរក្សាគោលជំហរ លើកស្ទួយស្នាដៃតែងនិពន្ធថ្មី។
ជាលទ្ធផល ដើមឆ្នាំ២០១៩ តារាចម្រៀងស្រីជួរមុខរូបនេះ បានបញ្ចេញនូវបទចម្រៀងថ្មីចំនួន៥បទ ដែលស្ថិតក្នុងកម្មវិធី «ស្នាដៃកូនខ្មែរសម្រាប់មាស សុខសោភា» រួមមានបទ៖ ថ្ងៃជួបថ្ងៃព្រាត់, លង់ស្នេហ៍អ្នកបាត់ដំបង, ព្រោះគេមនុស្សដំបូង, ខ្ញុំកំពុងឈឺ និងបទ នៅក្រមុំមិនបានដើរលេង។
បទចម្រៀង ទាំង៥បទនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់កញ្ញា មាស សុខសោភា ជជែកវែកញែក ចង់ដឹងថា តើបទណា នឹងទទួលបានជយលាភី ពីកម្មវិធី«ស្នាដៃកូនខ្មែរ សម្រាប់ មាស សុខសោភា» ។ដើម្បីស្រាយនូវចង្ងល់ កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ កញ្ញា មាស សុខសោភាបានបង្ហាញវត្តមាន នៅកម្មវិធី Olatte Concert ដែលធ្វើការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ CTN ហើយបានលើកយក បទចម្រៀងទាំង៥បទ បកស្រាយ ហើយបានប្រកាសជយលាភីភ្លាមៗ តែម្តងដែល ក្នុងនោះ
ជយលាភីលេខ១ បានទៅលើបេក្ខជនមកពីខេត្តខេត្តកណ្តាល ងឿយ ប៊ុនរត្ន័ (Ah Roman) ដែលនិពន្ធបទ «ព្រោះគេមនុស្សដំបូង»។
សម្រាប់ជយលាភីលេខ២ បានទៅលើបេក្ខជនមកពីរាជធានីភ្នំពេញ ឆុន រ៉ាឆាត់ (Chhon Rachhat) និពន្ធបទ «ខ្ញុំកំពុងឈឺ», ជយលាភីលេខ៣ បានទៅលើបេក្ខជន រិន ឆោមវីរៈ និងសំណាង ឧត្តម រស់នៅរាជធានីភំ្នពេញ និពន្ធបទ «ថ្ងៃជួបថ្ងៃព្រាត់», ជយលាភីលេខ៤ បានទៅលើបេក្ខជននៅរាជធានីភ្នំពេញ គង់ សំអន និពន្ធបទ «នៅក្រមុំមិនបានដើរលេង» និងជយលាភី លេខ៥ បានទៅលើបេក្ខជនមកពីខេត្ដពោធិ៍សាត់ ស៊ឹម សុភ័ណ្ឌ និពន្ធបទ «លង់ស្នេហ៍អ្នកបាត់ដំបង ។
គួររំលឹកផងដែរថាកម្មវិធីប្រកួតប្រជែងនេះ គឺជាកម្មវិធីមួយថ្មីក្រោមគំនិតផ្តួចផ្តើមរបស់កញ្ញាមាស សុខសោភាផ្ទាល់ និងឧបត្ថម្ភដោយ ទឹកភេសជ្ជៈជំនួយដល់សម្រស់ និងសុខភាព OLATTE ហើយបានធ្វើឡើងតាំងពីខែតុលា ឆ្នាំ ២០១៨ ដោយបទចម្រៀងជាង ២០០បទ របស់បេក្ខជន ជិត២០០នាក់ ដែលបានផ្ញើមកកាន់កម្មវិធី ហើយបានជម្រុះបន្តបន្ទាប់រហូតដល់វគ្គ៥បទចុងក្រោយនេះ។ យ៉ាងណាមិញ បេក្ខជនជយលាភី ទទួលបានប្រាក់រង្វាន់ ចំនួន ៤លានរៀល និងទទួលបានពាន ដែលច្នៃដោយកូនខ្មែរពីក្រុមហ៊ុន AM-STAR Co.,Ltd. ៕
ចង់ដឹងថា អត្ថន័យនៃបទចម្រៀងមានខ្លឹមសារស៊ីជម្រៅយ៉ាងណានោះ សូមចូលទៅកាន់៖
*បេក្ខជនរាជធានី ភ្នំពេញ រិន ឆោមវីរៈ និង សំណាង ឧត្តម ម្ចាស់បទ «ថ្ងៃជួបថ្ងៃព្រាត់»៖ Youtube Link: https://www.youtube.com/watch?v=TMwTPtqfYTE
*បេក្ខជនរាជធានី ភ្នំពេញ ឆុន រ៉ាឆាត់ម្ចាស់បទ «ខ្ញុំកំពុងឈឺ»៖ Youtube Link: https://www.youtube.com/watch?v=_4wqN7otSpY
*បេក្ខជនខេត្តកណ្តាល ងឿយ ប៊ុនរត្ន័ ម្ចាស់បទ «ព្រោះគេមនុស្សដំបូង»៖ Youtube Link: https://www.youtube.com/watch?v=xeYiQl3Pf1I
*បេក្ខជនរាជធានី ភ្នំពេញ គង់ សំអន ម្ចាស់បទ «នៅក្រមុំ មិនបានដើរលេង»៖ Youtube Link: https://www.youtube.com/watch?v=0enw3QbhcFs
*បេក្ខជនខេត្តពោធិ៍សាត់ ស៊ឹម សុភ័ណ្ឌ ម្ចាស់បទ «លង់ស្នេហ៍អ្នកបាត់ដំបង»៖ Youtube Link: https://www.youtube.com/watch?v=HdBVSC2u61w