(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្មកររោងចក្រអូលីវ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបន្ដដួលសន្លប់ជាបន្ដបន្ទាប់ទៀតហើយ បន្ទាប់ពីម្សិលមិញ ដួលសន្លប់ប្រមាណ៧០នាក់។
បើតាមសេចក្ដីរាយការណ៍ ដែលហេតុដែលនាំឲ្យមានការដួលសន្លប់ជាបន្ដបន្ទាប់នេះ មិនទាន់ត្រូវបានសមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ឲ្យដឹងច្បាស់នៅឡើយទេ។ ប៉ុន្ដែរហូតមកដល់ពេលនេះ កម្មការិនីដែលសន្លប់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
សូមជម្រាបថា ករណីកម្មការិនីដួលសន្លប់ជាបន្ដបន្ទាប់ជាលើកទី៣នេះ សង្ស័យបណ្ដាលមកពីពុលក្លិនថ្នាំ ហើយកម្មការិនីខ្លះមានអាការៈក្អួតចង្អោ ដូចកាលពីថ្ងៃទី២៥ ខែកុម្ភៈម្សិលមិញដែរ ខណៈតំណាងរោងចក្រអះអាងថា ដួលសន្លប់ដោយសារពុលក្លិនប្រេងម៉ាស៊ី ដែលហូរចេញពីកន្លែងជួសជុលត្រាក់ទ័រ នៅជាប់នឹងរោងចក្រ៕