(កូរ៉េខាងត្បូង)៖ ក្រោយទទួលបានសំណូមពរ ពីសមាគមនិយោជកនៃតំបន់ Miryang មជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុង Changwon និង Miryang, ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានរៀបចំកិច្ចពិភាក្សា សំណេះសំណាល និងណែនាំតម្រង់ទិសដល់បងប្អូនពលករផ្នែកកសិកម្ម នៅតំបន់ Miryang ជិត២០០នាក់ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលធំនៃសាលាក្រុង Miryang។
មុនឈានចូលដល់កម្មវិធីសំណេះសំណាលលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានជួបពិភាក្សា ជាមួយតំណាងនិយោជកមកពីគ្រប់ឃុំ នៃតំបន់ Miryang ដើម្បីស្ដាប់របាយការណ៍ បញ្ហា កង្វល់ និងសំណូមពរ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា លើបញ្ហាដែលកើតមានកន្លងមកជាមួយនឹងពលករកម្ពុជា។
ជាការឆ្លើយតប ឯកអគ្គរាជទូត បានទទួលយករាល់សំណូមពរ និងកង្វល់ទាំងអស់របស់ក្រុមនិយោជក ដើម្បីយកមកអប់រំផ្សព្វផ្សាយដល់បងប្អូនពលករខ្មែរទាំងអស់ ដែលបំពេញការងារ នៅសាធារណរដ្ឋកូរ៉េ ដើម្បីឱ្យមានការយោគយល់ពីរបៀបរបប និងវិន័យក្នុងការរស់នៅប្រទេសកូរ៉េ និយាយជារួម និងនិយាយដោយឡែករស់នៅធ្វើការជាមួយនឹងនិយោជក។
បន្ថែមពីលើនេះ ក្នុងកិច្ចសំណេះសំណាលលោក ឡុង ឌីម៉ង់ ក៏បានរៀបរ៉ាប់ពីការយកចិត្តទុក្ខដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដល់បងប្អូនពលករខ្មែរទាំងអស់ ទោះទៅដល់ទីណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែនឹងរលឹក យកចិត្តទុកដាក់ និងជួយគាំពារតាមគ្រប់មធ្យោបាយអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន ហើយក៏បានអប់រំផ្សព្វផ្សាយ ដល់បងប្អូនពលករ នូវរបៀបរបប វិន័យ និងឥរិយាបថនៃការរស់នៅឱ្យបានល្អប្រសើរ រក្សាតម្លៃជាពលករខ្មែរនៅសាធារណៈរដ្ឋកូរ៉េ ជាមួយនឹងនិយោជក៕