(កោះកុង)៖ លោក អ៊ី ម៉េងលាង ប្រធានកសិកម្ម និងរុក្ខាប្រមាញ់ ខេត្តកោះកុង នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំធ្វើសន្និសីទកាសែត ដើម្បីបកស្រាយ និងបដិសេធថា លោកលក់ដីកសិកម្មរបស់រដ្ឋចំនួន១០ហិចតា និងកាត់ដីរដ្ឋឱ្យប្រជាពលរដ្ឋ១គ្រួសារ ដែលស្ថិតនៅតំបន់សត្វឃាត។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ ចំពោះបញ្ហានេះ វាមិនពិតដូចការចុះផ្សាយនោះទេ ហេតុនេះសូមស៊ើបសង្កេតស្រាវជ្រាវឱ្យបានច្បាស់មុនចុះផ្សាយ ហើយត្រូវមកសួរនាំគាត់ជាប្រធានមន្ទីរកសិកម្ម សិន មិនមែនឮតែភាគីម្ខាងនិយាយនោះទេ បើចុះផ្សាយយកតែភាគីម្ខាង ហាក់បីដូចជាបរិហាកេរ្តិ៍ លោកអញ្ចឹង ចំពោះបញ្ហាទាំងអស់នេះលោកបានរាយការណ៍ជូនខេត្ត និងក្រសួងអស់ហើយ។
លោកបានបន្ថែមថា បើខេត្ត និងក្រសួងរកឃើញថា គាត់លក់ដីរដ្ឋ និងកាត់ដីរដ្ឋឱ្យប្រជាជន១គ្រួសារនោះ លោកនឹងទទួលទោសទៅផ្លូវច្បាប់ ហើយដីកសិកម្ម១កន្លែងនេះ កាលឆ្នាំ២០១៣ មានបងប្អូនប្រជាពលរដ្ឋ បានបោះបង្គោសង់លំនៅដ្ឋានម្តងរួចមកហើយ តែត្រូវបានមន្ទីរសហការជាមួយអាជ្ញាធរធ្វើការរុះរើម្តងរួចហើយ នៅសំណង់រឹងប៉ុន្មានគ្រួសារប៉ុណ្ណោះ ហើយនៅពេលថ្មីៗនេះ មានប្រជាពលរដ្ឋបានចុះបោះបង្គោលបន្តទៀត តែត្រូវបានមន្ទីរចុះរុះរើអស់ហើយ បានដាក់ស្លាកសញ្ញាបន្ថែមទៀត ហើយចំពោះប្រជាពលរដ្ឋ៩គ្រួសារ ជាសំណង់រឹងត្រូវខាងមន្ទីរ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕