(ព្រះសីហនុ)៖ ដោយមានការគាំទ្រពីថ្នាក់ជាតិ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកាយ និងកែច្នៃស្តារប្រឡាយទឹកស្អុយនៅទីតាំងមុខសាលាខេត្ត ដើម្បីកាត់បន្ថយផលប៉ះពាល់ឆ្នេរ និងទឹកសមុទ្រដែលបង្កដោយសំណល់រាវ។ ជាដំណោះស្រាយចំពោះ មុខក្រុមការងារបច្ចេកទេសរបស់ខេត្ត បានសម្រេចកាយប្រឡាយទាំងនោះទប់ទឹកកខ្វក់នេះ និងដាក់សារធាតុអ៊ីអឹម ដើម្បីបំលែងក្លិនស្អុយមុនបង្ហូរចូលសមុទ្រ។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារបច្ចេកទេសអូរ ប្រឡាយ បានដឹកនាំក្រុមការងារមានមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរបរិស្ថាន មន្ទីរធនធានទឹក កំពុងចុះប្រតិបត្តិការធ្វើកិច្ចការនេះ។
លោក ជាវ វិជ្ជាក់ បានបញ្ជាក់ថា ការស្តារប្រឡាយនាពេលនេះ គឺដើម្បីរក្សាអាងស្តុបទឹកកខ្វក់ មុននឹងបង្ហូរចូលក្នុងសមុទ្រ ហើយប្រឡាយដែលត្រូវស្តានេះ មានប្រវែង១០០ម៉ែត្រ និងទទឹង១៥ម៉ែត្រ។ តាមរយៈវិធានការណ៍នេះ លោកថានឹងកាត់បន្ថយក្លិនស្អុយនៃទឹកកខ្វក់បានមួយកម្រិតមុនហូរចូលសមុទ្រ។
លោក ជាវ វិជ្ជាក់ បានបន្ថែមថា តាមការណែនាំរបស់អភិបាលខេត្តព្រះសីហនុ បានជំរុញឲ្យក្រុមការងារអូរ ប្រឡាយ ស្តាអូរមួយនេះ ដើម្បីប្រមូលទឹកកខ្វក់ ដែលនៅជុំវិញតំបន់នេះ មានដូចជា មកពីកាំសាប រហូតដល់អូអីម៉ារីយូ ធ្វើយ៉ាងណាដោះស្រាយទឹកកខ្វក់ហូរចូលទៅសមុទ្រឲ្យបានជាអតិរមា។
តាមមន្ត្រីជំនាញរបស់មន្ទីរសាធារណការ បានផ្តល់នូវបច្ចេកទេស លើកដីទប់ជាទំនប់ ទប់ទឹកកខ្វក់នេះ រួចដាក់ដុំអ៊ី អឹម ចូលក្នុងទឹកកខ្វក់ដើម្បីបំលែងកែប្រែគុណភាពទឹកឲ្យមានលក្ខណល្អប្រសើរឡើងវិញ មុនបង្ហូរចូលទៅសមុទ្រ ហើយនៅពេលអនាគតអូរមួយនេះ នឹងរៀបចំឲ្យទៅជាស្ថានីយបូបទឹកកខ្វក់ បន្តទៅស្ថានីយទី១ នៅអូរឈើទាល។
បច្ចុប្បន្នដោយមានការយកចិត្តទុកដាក់ពី គណៈកម្មកាគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ អាងប្រព្រឹត្តកម្មចំនួន០៤ទីតាំង បាននិងកំពុងសាងសង់ ក្នុងក្រុងព្រះសីហនុ គ្រោងបញ្ចប់មុនចូលឆ្នាំខ្មែរខាងមុខ៕