(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ដើម្បីរៀបចំសិក្ខាសាលាស្តីពី «ការអភិវឌ្ឍគម្រោងវិនិយោគរួម និងការអនុវត្តពាក់ព័ន្ធនឹងនិន្នាការទីផ្សារ ដែលកំពុងងើបឡើង» ក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមការបណ្តុះបណ្តាល និយ័តករហិរញ្ញវត្ថុ នៃសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Economic Cooperation Financial Regulators Training Initiative-APEC FRTI) នៅសណ្ឋាគារសាន់វ៉េភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ស៊ូ សុជាតិ អគ្គនាយកនៃ គ.ម.ក.។
សិក្ខាសាលារយៈពេល ០៤ (បួន)ថ្ងៃនេះ ចាប់ពីថ្ងៃទី២៥ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹង និង ពង្រីកចំណេះដឹងដល់ភាគីពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុមកពីនិយ័តករមូលបត្រ និយ័តករពាក់ព័ន្ធ ក៏ដូចជាប្រតិបត្តិករទីផ្សារមូលបត្រ ដោយនឹងផ្តោតជាសំខាន់លើការសិក្សា បង្កើតបទប្បញ្ញត្តិ និងផលិតផលរបស់គម្រោងវិនិយោគរួម (CIS) ព្រមទាំងរបៀបរៀបចំដំណើរការសម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រង CIS នៅក្នុងទីផ្សារមូលធននិងទីផ្សារដែលកំពុងងើបឡើងតាមរយៈ៖
១). ការសិក្សាពីតម្រូវការទីផ្សារ និងបទប្បញ្ញត្តិនៃការដាក់ឱ្យដំណើរការមូលនិធិ (Fund) នៅលើទីផ្សារមូលធនក្នុងស្រុក
២). ការកំណត់បទប្បញ្ញត្តិគ្រប់គ្រង និងការធ្វើអធិការកិច្ចចំពោះក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ (Asset Management Company-AMC)
៣). ការសិក្សាពីដំណើរការនៃការចុះបញ្ជី Fund ដែលអាចជួញដូរបាននៅក្នុងទីផ្សារ
៤). ការសិក្សាពីដំណើរការនៃការអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នៅក្នុងទីផ្សារមូលធន
៥). ការពិនិត្យមើលករណីសិក្សាអំពីយន្តការទីផ្សារ និងការចែករំលែកបទពិសោធន៍ក្នុងតំបន់ជាដើម។
សិក្ខាសាលាខាងលើ មានការចូលរួមពីវាគ្មិនដែលជាអ្នកជំនាញជាន់ខ្ពស់ មកពីបណ្តាស្ថាប័នផ្សេងៗក្នុងតំបន់ ដែលមានបទពិសោធន៍យូរឆ្នាំក្នុងការបណ្តុះបណ្តាល ព្រមទាំងការអនុវត្តការងារជាក់ស្តែងពាក់ព័ន្ធនឹងវិស័យមូលបត្រ។ ទន្ទឹមនឹងនេះ កម្មវិធីសិក្ខាសាលានេះ ក៏មានការចែករំលែកនូវបទពិសោធន៍នៃការអនុវត្តពីសិក្ខាកាមនៃប្រទេសនីមួយៗ ដែលក្នុងនោះរួមមានសិក្ខាកាមមកពីប្រទេសឥណ្ឌា, ម៉ាឡេស៊ី, ហ្វីលីភីន, តៃវ៉ាន់, នេប៉ាល់, និងប្រទេសថៃជាដើមផងដែរ៕