(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​ទី២ ដែលឈានចូលទៅក្នុងទីផ្សារមូលបត្រ ដោយទើបទទួលបានការអនុញ្ញាតជាផ្លូវការពីធនាគារជាតិនៃកម្ពុជា ក្នុងការឈានទៅរកការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្ម (មូលបត្របំណុល)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ទំហំនៃការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មនេះ មានចំនួនជាទឹកប្រាក់សរុប៨០ប៊ីលានរៀល (ប្រហែល២០លានដុល្លារ)។

សញ្ញាបណ្ណនេះមានឥណប្រតិទានចំនួន៣ឆ្នាំ ហើយអត្រាគូរប៉ុង នឹងត្រូវសម្រេចមុនពេលធ្វើបរិវិសកម្ម។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានលើកឡើងថា «ពួកយើងមានភាពរីករាយណាស់ ដែលបានទទួលការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា លើសំណើរបោះផ្សាយសញ្ញាបណ្ណសាជីវកម្មលើកដំបូងរបស់ពួកយើង។ នេះជាឱកាសមួយដែលអនុញ្ញាតឲ្យពួកយើង ផ្តល់ជូនទីផ្សារនូវផលិតផលហិរញ្ញវត្ថុថ្មីមួយ គឺ សញ្ញាបណ្ណសាជីវកម្មដែលមានការការពារហានិភ័យអត្រាប្តូរប្រាក់»

លោក សុខ វឿន បានបន្ថែមថា «ការធ្វើពិពិធកម្មលើប្រភពទុន ជាពិសេសប្រភពទុនរយៈពេលវែង នឹងធានាកំណើនអាជីវកម្មនាពេលអនាគតរបស់គ្រឹះស្ថាន ព្រមទាំងលើកកម្ពស់មូលដ្ឋានប្រភពដើមទុនរបស់ខ្លួនផងដែរ»។

ទាំងសញ្ញាបណ្ណដែលមិនមានការការពារហានិភ័យអត្រាប្តូរប្រាក់ និងសញ្ញាបណ្ណដែលមានការការពារហានិភ័យអត្រាប្តូរប្រាក់ គឺស្របទៅនឹងគោលនិយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការលើកតម្កើនការប្រើប្រាស់រូបិយប័ណ្ណជាតិ ព្រោះថាសញ្ញាបណ្ណទាំងពីរនេះ ត្រូវបានបោះផ្សាយ និងទូរទាត់ជាប្រាក់រៀល៕