Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ សារដែលប្រកាស «ព្រមានបិទ ​Facebook នៅកម្ពុជា» ជាសាររបស់ក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Hacker) (Video Inside)

26-02-2019 00:53

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ជាសាធារណៈថា សារដែលសរសេរ «ព្រមានបិទ Facebook នៅកម្ពុជា» គឺជាសាររបស់ក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Hakcer) ដែលពួកវាបាន Hack ចូលគ្រប់គ្រង Facebook របស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ពិសេសជាមួយលោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Fresh News យ៉ាងដូច្នេះថា «Facebook របស់ខ្ញុំត្រូវបានក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Hack) គ្រប់គ្រងនៅថ្ងៃនេះ ហើយសារដែលសរសេរថា ខ្ញុំព្រមានបិទ Facebook នៅកម្ពុជា មិនមែនជាសាររបស់ខ្ញុំនោះទេ គឺខ្លឹមសារក្រុម Hacker។ ខ្ញុំសូមទាត់ចោលនូវព័ត៌មានបំពុលសង្គមមួយនេះ»។

ការថ្លែងច្បាស់ៗរបស់សម្តេចតេជោ ហ៊ុន​ សែន តាមរយៈកិច្ចសម្ភាសន៍នេះ បានធ្វើឡើងបន្ទាប់ពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គមមួយចំនួននៅមានការយល់ច្រឡំថា សម្តេចនឹងបិទ Facebook ចោលនៅពេលខាងមុខ។

សូមជំរាបថា ក្រោយពី Hack ចូល Facebook ក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យាបានសរសេរព័ត៌មានបំពុលសង្គមនៅលើ Facebook របស់សម្តេចតេជោ យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុន ហ្វេសប៊ុក បានលុប និងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា "បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនិងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ»។

Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ត្រូវបានក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា Hack ហើយ នៅវេលាម៉ោងជិត១២៖០០ ថ្ងៃត្រង់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ហើយត្រូវបានក្រុមការងារបច្ចេកទេស បានសហការជាមួយក្រុមហ៊ុន Facebook បានយកមកគ្រប់គ្រងវិញ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ៕