(ភ្នំពេញ)៖ លោកឱសថការី បាន បុត្ដា អគ្គាធិការរង នៃក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានថ្លែងអំពាវនាវដល់ឱសថការីទូទាំងប្រទេស ត្រូវគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ឱសថ និងច្បាប់ផ្សេងៗ ដើម្បីលើកកម្ពស់សុខភាពជូនដល់ប្រជាពលរដ្ឋ ពិសេសជៀសផុតពីការប្រឈមចំពោះមុខច្បាប់។
ការថ្លែងបែបនេះរបស់លោកឱសថការី បាន បុត្ដា ក្នុងឱកាសជំរឿនសមាជិក គណៈឱសថការីរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។
លោកឱសថការី «បានថ្លែងបន្ដថាមកទល់នឹងបច្ចុប្បន្ននេះ ឱសថការីនៅទូទាំងប្រទេសសរុបប្រមាណ៣,៣០០នាក់ ហើយបានមកធ្វើជំរឿនដើម្បីទទួលបានវិញ្ញាបនបត្របញ្ជិកាឱសថការីកម្ពុជា បានជិត២ពាន់នាក់ហើយ ។ដូចនេះអ្នកដែលមិនទាន់បានមកធ្វើជំរឿន សូមមកធ្វើជំរឿន ឲ្យបានគ្រប់ៗគ្នា» ។
ជាងនេះទៅទៀតលោកឱសថការី បាន បុត្ដា បានថ្លែងបញ្ជាក់ថា «ការធ្វើជំរឿននេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ គឺដើម្បីរកឲ្យឃើញថា សមាជិកពិតប្រាកដ ដែលបានចុះបញ្ជិកាក្នុងគណៈឱសថការីម្ពុជា ហើយយើងនឹងរៀបចំផែនការបន្ដទៀត ដើម្បីផ្ដល់វិញ្ញាបនប័ត្របញ្ជិកាជូនគាត់ និងរៀបចំការបណ្ដុះបណ្ដាលបន្ត ដើម្បីទទួលបានអជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈ។ លើសពីនោះ ក៏ដើម្បីរកឲ្យឃើញថា តើសមាជិកគណៈឱសថការីកម្ពុជាទាំងអស់ នៅរាជធានីភ្នំពេញមានប៉ុន្មានភាគរយជាមន្ដ្រីរាជការ និងប៉ុន្មានភាគរយដែលបើកក្រុមហ៊ុនដោយខ្លួនឯង បើកឱសថស្ថានខ្លួនឯង បើករោងចក្រផលិតឱសថខ្លួនឯង, មន្ទីរពិសោធន៍ខ្លួនឯង និងប៉ុន្មានភាគរយបម្រើការងារនៅស្ថាប័នឯកជន» ។
ម្យ៉ាងវិញទៀត ការធ្វើជំរឿននេះ ដើម្បីដឹងចំនួនឱសថការីទូទាំងប្រទេសមានប៉ុន្មាននាក់ ហើយបានគោរពទៅតាមក្រមសីលធម៌ឬអត់ ព្រោះវាជាប្រយោជន៍មួយចំាបាច់ សម្រាប់ជួយដល់ក្រសួងសុខាភិបាល និងដើម្បីជួយលើកកម្ពស់សុខភាពរបស់ប្រជាជន រួមទាំងជំរុញឱ្យវិស័យឱសថសាស្ត្រយើងនេះកាន់តែរីកចម្រើនផងដែរ ។
ទន្ទឹមនឹងនោះ លោកឱសថការី បាន បុត្ដា បានអំពាវនាវដល់ឱសថការីទាំងអស់ ដែលមិនទាន់បានមកជំរឿន ឬដឹងដំណឹងហើយ សូមប្រញាប់រួសរាន់ ដើម្បីមកចូលរួមធ្វើជំរឿន ឲ្យទាន់ពេលវេលា ដើម្បីកំណត់គោលដៅឲ្យច្បាស់លាស់ និងចែកជូននូវវិញ្ញាបនប័ត្របញ្ជិកាទាំងអស់គ្នា ។
លោកឱសថការី បាន បុត្ដា បានបញ្ជាក់ថា អ្នកមិនបានធ្វើជំរឿន នឹងមិនអាចទទួលបានវិញ្ញាបនប័ត្របញ្ជិកាគណៈឱសថការីកម្ពុជា ពីក្រុមប្រឹក្សាគណៈឱសថការីជាតិឡើយ ហើយសម្រាប់អ្នកមិនគោរពគោលការណ៍ បទបញ្ជាផ្ទៃក្នុងរបស់គណៈឱសថការីកម្ពុជា និងប្រព្រឹត្តខុស និងផ្ទុយពីច្បាប់គ្រប់គ្រងឱសថ ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈណាមួយនោះគឺប្រឈមនឹងការដកឈ្មោះចេញពីបញ្ជីគណៈឱសថការីកម្ពុជា និងប្រឈមចំពោះមុខច្បាប់ជាធរមាន៕