(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានរិះគន់ដល់បុគ្គលមួយចំនួន ដែលបានយកបញ្ហា EBA មកសរសេរ និយាយ និងវិភាគ នាពេលនេះថា អ្នកទាំងនោះមិនមែនបារម្ភពីសេដ្ឋកិច្ច ពីការងាររបស់កម្មករ កសិករខ្មែរនោះទេ តែពួកគេកំពុងភ័យខ្លាច ទណ្ឌិត សម រង្ស៉ី មិនបានចូលស្រុកទៅវិញ។
លោក សួន សេរីរដ្ឋា បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រុមអ្នកដែលខំលើកយក EBA មកសរសេរ មកនិយាយ មកវិភាគ នាពេលនេះ ហើយបញ្ចេញមតិបំភ័យកម្មករ កសិករ និងពលរដ្ឋខ្មែរ នាពេលនេះ គឺពួកនេះ មិនមែន ភ័យបារម្ភពីជីវិត ការងាររបស់កម្មករ ពីទីផ្សារស្រូវអង្កររបស់ខ្មែរ ឬពីសេដ្ឋកិច្ចខ្មែរទេ...តែគឺពួកនេះភ័យខ្លាច សម រង្ស៉ី ដែលកំពុងធ្វើសំផឹងនយោបាយនៅក្រៅស្រុក បំបែកឆ្នាំងបាយកម្មករ និងបំផ្លាញតំលៃស្រូវអង្កររបស់កសិករនោះ វាមិនបានទទួលការលើកលែងទោសឲ្យចូលស្រុក មកធ្វើនយោបាយបង្គ្រប់កិច្ចតទៅទៀត។ នេះហើយ ជាការពិតជាក់ស្តែង ដែលពួកគេខំប្រឹងប្រើមាត់វែង មាត់ខ្លី និងមាត់ស្អុយរបស់ពួកគេ ឡើងមកនិយាយបំភ័យកសិករ និងកម្មករខ្មែរ ពីបញ្ហាដែលសហគមន៍អឺរ៉ុប ព្យួ EBA ពីខ្មែរនោះ»។
លោកសួន សេរីរដ្ឋា បានចោទសួរថា បើក្រុមទាំងនោះគិតគូរពីសេដ្ឋកិច្ចខ្មែរ ឈឺឆ្អាលពីការងារកម្មករខ្មែរ និងចង់ជួយកសិករខ្មែរ ពិតប្រាកដ ហេតុអីពួកគេ មិនដែលហើបមាត់រិះគន់ទណ្ឌិត សម រង្ស៉ី បែរជានាំភ្លើងឆ្កឹះឆ្កៀលអុចអាលឲ្យអឺរ៉ុបផ្តាច់ EBA ទៅវិញ។
លោកលើកឡើងថា «បញ្ហា EBA ដែលសភាអឺរ៉ុបលើកយកទៅនិយាយ ដោយសារនយោបាយបរទេសឆ្កួតលេលារបស់ សម រង្ស៊ី ដែលខ្ញុំ ហៅថាសំផឹងនយោបាយនោះឯង ដែលយកការងាររបស់កម្មករ និងយកស្រូវអង្កររបស់កសិករ ធ្វើជាចំណាប់ខ្មាំងនយោបាយរបស់ខ្លួន ក្រោយពេលទំនាស់នយោបាយរបស់ខ្លួន ជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន រហូតឈានទៅដល់ រំលាយគណបក្សសង្គ្រោះជាតិ»។
លោកបានបន្តទៀតថា៖ «ពេលនេះខំយកបញ្ហា EBA មកបំភ័យ បំភ្លើស ទាំងអ្នកមួយចំនួនហ្នឹង ខ្លួនឯងគ្មានជំនាញសេដ្ឋកិច្ចផង ក៏ខំឡើងមកនិយាយ ព្រោះខ្លាច សម រង្ស៊ី ស្លាប់ជីវិតនយោបាយ មិនបានទទួលការលើកលែងទោសឲ្យចូលស្រុកវិញ»។
លោក សួន សេរីរដ្ឋា បានក៏បានបន្ថែមថា «អ្នកដែលយកបញ្ហា EBA មកនិយាយបំភ័យកសិករខ្មែរនាពេលនេះ ក្រៅពីភ័យខ្លាចមេសំផឹងនយោបាយ (សម រង្ស៉ី) របស់ខ្លួនមិនបានទទួលការលើកលែងទោសឲ្យចូលស្រុកនោះ ចេតនាមួយទៀត គឺគេជួយឈ្មួញយួន និងឈ្មួញសៀម ឲ្យវាយបញ្ចុះតំលៃស្រូវ របស់កសិករខ្មែរ ដោយយក EBA នេះធ្វើជាលេស។ ពោលគឺពួកនេះមិនបានភ័យព្រួយពីសេដ្ឋកិច្ច ការងារ និងកសិផល របស់ពលរដ្ឋខ្មែរទេ»។
សូមបញ្ជាក់ថា គណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន ចំពោះប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ពីប្រទេសកម្ពុជា។
ការសម្រេចចាប់ផ្តើមនីតិវិធីនេះ ធ្វើឡើងបន្ទាប់ពីអឺរ៉ុប បានចោទប្រកាន់លើ រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស សិទ្ធិសហជីព និងលទ្ធិប្រជាធិបតេយ្យជាដើម។ ការចូលជាធរមាន នៃការដក EBA អាចនឹងធ្វើឡើងនៅក្នុងរយៈពេល១៨ខែក្រោយ ពោលគឺ EBA នេះអាចដកចេញពីកម្ពុជា នៅពាក់កណ្តាលឆ្នាំ២០២០។ តែទោះជាយ៉ាងនេះក្តី សហភាពអឺរ៉ុប ក៏បានទុកពេលវេលា០៦ខែ ដើម្បីចរចាជាមួយរដ្ឋាភិបាលកម្ពុជា ផងដែរ។
យ៉ាងណាក៏ដោយ នៅក្នុងពិធីបិទសន្និបាទប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំហរជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកឯករាជ្យភាព និងអធិបតេយ្យរបស់ខ្លួន ដើម្បីធ្វើជាថ្នូរទៅនឹងជំនួយណាមួយ របស់បរទេសនោះឡើយ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានពន្យល់ដល់ប្រជាពលរដ្ឋកម្ពុជាថា ទោះបីជាគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏កម្ពុជា មិនស្លាប់នោះដែរ ហើយក៏មិនអាចធ្វើឱ្យកម្ពុជាក្លាយជាអ្នកមានដែរ៕