(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា នៅពេលថ្មីៗនេះ នៅចំណុចចន្លោះកោះពោធិ៍ និងកោះអាចន៍សេះ ស្ថិតក្នុងខេត្តកែប ការិយាល័យនាវាចរគយ នៃនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស បានធ្វើការបង្រ្កាប និងចាប់ឃាត់បានទូកដឹកបារីគេចពន្ធមួយគ្រឿង ដែលផ្ទុកបារីចំនួន១,១២៩កាតុង។
នេះជាលើកទី១ហើយ ដែលការិយាល័យនាវាចរគយធ្វើការបង្រ្កាបអំពើគេចពន្ធនេះ បន្ទាប់ពីទទួលបាននាវាល្បាតគយចំនួនពីរគ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ គួរបញ្ជាក់ផងដែរថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាវាល្បាតគយនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
អគ្គនាយកដ្ឋានគយបានឲ្យដឹងទៀតថា ដូចដែលបានគូសបញ្ជាក់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាវាល្បាតគយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានរំពឹងថា ការបំពាក់នាវាល្បាតគយ ចំនួន២គ្រឿងនេះ នឹងចូលរួមចំណែក យ៉ាងសំខាន់បន្ថែមទៀតក្នុងការពង្រឹងសមត្ថភាព និងប្រសិទ្ធិភាពក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបអំពើរត់គេចពន្ធនៅក្នុងភូមិសាស្ត្រសមុទ្រ និងតំបន់ឆ្នេរនៃកម្ពុជា ហើយក៏អាចចូលរួមក្នុងការពង្រឹងសន្តិសុខលំហរសមុទ្រកម្ពុជាផងដែរ៕