(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន នឹងមានរៀបចំពិធី ចុះអនុស្សរណៈកិច្ច សហប្រតិបត្តិការស្តីពី «ការបង្កើតវេទិកាសាធារណៈ-ឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន» នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ស្អែកនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ពិធីដែលនឹងត្រូវធ្វើនៅស្អែកនេះ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ផ្តើមចេញពីអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានកិច្ចសហការពីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន នឹងរៀបចំវេទិកាសាធារណៈឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន លើកទី១។
ពិធីនេះនឹងធ្វើឡើងក្រោមវត្តមានឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងមានការចូលរួមពី លោក Fumihiko YUKI អនុរដ្ឋមន្ត្រី នៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន គណៈប្រតិភូនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនវិនិយោគ និងធុរជនជប៉ុនប្រមាណ៦០ ក្រុមហ៊ុនវិនិយោគ ក្នុងវិស័យអភិវឌ្ឍអចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម លំនៅឋាន ប្រព័ន្ធលូ ធនាគារ និងធានារ៉ាប់រង និងគណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា និងសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា៕