(កំពង់ស្ពឺ)៖ ការងារមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ត្រូវបានប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត មានការកោតសរសើរ បន្ទាប់ពីក្រុមការងារដែលមិនគិតពីភាពនឿយហត់មួយនេះ បានបន្តចុះទៅព្យាបាល ជូនប្រជាពលរដ្ឋជាញឹកញាប់ នៅតាមទីប្រជុំជន រួមនឹងតំបន់ដាច់ស្រយ៉ាល ដោយហេតុផលតែមួយគត់នោះ គឺចង់ឃើញប្អូនប្រជាពលរដ្ឋមានសុខភាពល្អគ្រប់ៗគ្នា ស្របទៅតាមការចង់បាន ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣៧៨នាក់ បានចុះទៅពិនិត្យ និងព្យាបាល ថែមទាំងផ្តល់ជូននូវថ្នាំដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋចំនួន៦,៧២៣នាក់ នៅក្នុងភូមិដុំខ្វិត ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីការចុះពិនិត្យ និងព្យាបាលបានបញ្ចប់នោះ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាង៦ពាន់ ក៏បានថ្លែងអំណរគុណដល់ លោក ហ៊ុន ម៉ានី ដែលបានបញ្ជូនក្រុមគ្រូពេទ្យជំនាញៗ ថែមទាំងមានបទពិសោធន៍គ្រប់គ្រាន់ និងច្រើនឆ្នាំ មកព្យាបាលជូនពួកគាត់ ទាំងមិនខ្លាចភាពនឿយហត់។
លោក គាវ លាងគា អភិបាលស្រុកថ្ពង បានលើកឡើងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះមកពិនិត្យព្យាបាល ដល់ប្រជាពលរដ្ឋនៅពេលនេះ ជាលើកទី៨មកហើយ ដោយក្នុងនោះទាំង៧លើក បានព្យាបាលជូនបងប្អូន ប្រជាពលរដ្ឋជាង២ម៉ឺននាក់មកហើយ។
លោកអភិបាលបានបញ្ជាក់បន្ថែមថា រូបលោកបានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារមនុស្សធម៌មួយនេះ សម្រាប់ការចុះមកព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយបានផ្តល់ផលប្រយោជន៍ពិតៗ ជូនប្រជាជននៅកម្ពុជាទាំងមូល។
លោក គាវ លាងគា បានគូសបញ្ជាក់ថា «ខ្ញុំសូមគោរពថ្លែងអំណរគុណ ចំពោះឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចំណាយពេលវេលាយ៉ាងមមាញឹក ក៏ដូចជាធនធាន (ថវិកា) មកចូលរួមព្យាបាលប្រជាពលរដ្ឋ នៅក្នុងស្រុកថ្ពង ដោយឥតគិតថ្លៃនេះ»។
តាមរបាយការណ៍របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបង្ហាញថា ការព្យាបាលនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ សម្រេចបាន៖ ជំងឺកុមារ២១៩នាក់, ជំងឺស្រ្តី១៩២នាក់, ជំងឺផ្លូវចិត្ត១៩៨នាក់, ជំងឺឫសដូងបាត១៧១នាក់, ជំងឺសន្លាក់ឆ្អឹង៩៩នាក់, ជំងឺរលាកសួត៧៩នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១០២នាក់, ជំងឺភ្នែក៩២នាក់, ជំងឺសើរស្បែក៨៧នាក់, ជំងឺទឹកនោមផ្អែ១២៧នាក់, ជំងឺមាត់ធ្មេញ៩៣នាក់, អេកូសាស្ត្រ១២៧នាក់ ព្យាបាលរបួសនិងវះកាត់តូច៥២ និងជំងឺទូទៅ៥,០៨៥នាក់។
លោក សាន ភឿន ពលរដ្ឋម្នាក់ក្នុងចំណោមជាង៦ពាន់នាក់ដែលបានទទួលការព្យាបាលជំងឺ បានថ្លែងនូវការអរគុណដល់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលបានមកព្យាបាលប្រជាពលរដ្ឋដល់ផ្ទះ។
លោកបានបញ្ជាក់ថា «ខ្ញុំសូមអរគុណគាត់ (លោក ហ៊ុន ម៉ានី) ដែលបានចែកថ្នាំមកនេះ ខ្ញុំអរគុណណាស់ សូមឲ្យគាត់ទទួលបានសុខភាពល្អ ហើយនឹងដឹកនាំប្រជាជនបន្តទៀត ហើយសូមឲ្យគាត់អញ្ជើញមកម្តងទៀត ដើម្បីជួយព្យាបាលខ្ញុំ និងបងប្អូននៅទីនេះ សូមឲ្យរូបគាត់បន្តដឹកនាំឲ្យកាន់តែរីកចម្រើនថែមទៀត»។
អ្នកស្រី សុខ សុធី មាន៣៩ឆ្នាំ ប្រជាពលរដ្ឋមួយរូបដែលមកព្យាបាលជំងឺបាននិយាយថា «ខ្ញុំមានជំងឺក្បាល ហើយមានបញ្ហាឈឺក្រហាយពោះ។ សម្រាប់ការពិនិត្យដោយក្រុមគ្រូពេទ្យ គឺខ្ញុំមិនអស់លុយទេ ហើយក៏សូមអរគុណដល់ គ្រូពេទ្យជាពិសេសលោក ហ៊ុន ម៉ានី ដែលបាននាំគ្រូពេទ្យមកព្យាបាលដល់ខ្ញុំ និងប្រជាពលរដ្ឋផ្សេងៗទៀតដែរ»។
លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចេះថែរក្សាសុខភាពឲ្យបានត្រឹមត្រូវ ស្របពេលអាកាសធាតុ នៅកម្ពុជាស្ថិតក្នុងរដូវប្រាំងនេះ និងជាពិសេសនោះគឺចង់ឲ្យប្រជាពលរដ្ឋទាំងអស់ចេះរក្សាទឹកទុក រួមនឹងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងចេះសន្សំសំចៃ៕