(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei បានសម្ពោធស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលអាចបត់បាន និងដំណើរការបច្ចេកវិទ្យា 5G កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងកម្មវិធីសន្និសីទទូរស័ព្ទពិភពលោក ( Mobile World Congress) នៅទីក្រុង Barcelona ហើយនេះជាការបង្ហាញសាច់ដុំទៅទីក្រុងវ៉ាស៊ីនតោន ដែលព្យាយាមរារាំងបច្ចេកវិទ្យា 5G របស់ខ្លួន។

ការបង្ហាញស្មាតហ្វូនដែលអាចបត់បាននេះ ពិតជាបានទាក់ទាញការចាប់អារម្មណ៍ របស់អ្នកចូលរួមយ៉ាងខ្លាំង ក្នុងសន្និសីទទូរស័ព្ទពិភពលោកនេះ។ Huawei Mate X មានតម្លៃ $២,៦០០ ហើយអេក្រង់របស់វាមានព័ទ្ធជុំវិញនៅផ្នែកខាងក្រៅ ដែលយើងនៅតែអាចមើលបាន។

គួររំលឹកថា អាមេរិចបានដាក់សម្ពាទលើក្រុមហ៊ុន Huawei យ៉ាងខ្លាំង ដោយបានចោទប្រកាន់ថា Huawei បានប្រើឧបករណ៍បច្ចេកវិទ្យារបស់ខ្លួន ដើម្បីស៊ើបការរឿងសម្ងាត់ប្រទេសលោកខាងលិច។ មិនតែប៉ុណ្ណោះអាមេរិច ក៏អំពាវនាវឲ្យប្រទេសជាសម្ព័ន្ធភាពរបស់ខ្លួនកុំប្រើបច្ចេកវិទ្យារបស់ Huawei ផងដែរ។

ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនធំបំផុត លំដាប់ថ្នាក់លេខពីរក្នុងពិភពលោក និងជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យាប្រព័ន្ធទូរស័ព្ទ ឈានមុខក្នុងពិភពលោក បានបដិសេធ និងច្រានចោលការចោទប្រកាន់ទាំងស្រុង ម្តងហើយម្តងទៀតថា ខ្លួនមិនបានប្រើឧបករណ៍បច្ចេកវិទ្យារបស់ខ្លួន ដើម្បីស៊ើបការរឿងសម្ងាត់របស់ប្រទេសណាមួយឡើយ។ ការចោទប្រកាន់នេះ សុទ្ធតែជាហេតុផលនយោបាយរបស់អាមេរិច។

ក្នុងបទសម្ភាសជាមួយនិង BBC លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន Huawei បានលើកឡើងថា អាមេរិចគ្មានផ្លូវអាចវាយបំបាក់យើងបានទេ។ ពិភពលោកពិតជាត្រូវការ Huawei។ ការដាក់សម្ពាធនេះ នឹងធ្វើឲ្យយើងកាន់តែខ្លាំង និងកាន់តែខិតខំប្រឹងប្រែង ក្នុងការធ្វើឲ្យផលិតផល និងសេវារបស់យើងកាន់តែល្អជាងមុន។ ប្រសិនបើយើងមិនអាចដំណើរការអាជីវកម្ម នៅប្រទេសលោកខាងលិច យើងនៅតែដំណើរការបាននៅខាងកើត។ ប្រសិនបើប្រទេសលោកខាងជើងមិនស្វាគមន៍ទេ យើងនៅមានប្រទេសនៅលោកខាងត្បូងដែរ។

រីឯលោក Guo Ping នាយកផ្នែក Rotating របស់ក្រុមហ៊ុន Huawei បានលើកឡើង ក្នុងការពិភាក្សារតុមូលជាមួយសារព័ត៍មានកាលពីថ្ងៃអាទិត្យ នៅទីក្រុង Barcelona ថា លោកនៅតែមិនយល់សោះ ហេតុអ្វីបានជាប្រទេសមហាអំណាចមួយនេះ ព្យាយាមវាយប្រហារ និងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ទៅលើបច្ចេកវិទ្យាឈានមុខរបស់ Huawei។ Huawei តែងតែគោរពតាមច្បាប់អាជីវកម្មរបស់ប្រទេសចិន និងប្រទេសនិមួយៗ ដែលធ្វើអាជីវកម្ម ដូច្នេះ Huawei មិនអាចធ្វើអ្វីមួយដែលផ្ទុយពីច្បាប់របស់ប្រទេសណាមួយបានឡើយ។ បច្ចេកវិទ្យា 5G ឈានមុខរបស់ Huawei បានដាក់ឲ្យដំណើរការមុនគូរប្រកួតរបស់ខ្លួនដូចជា Sweden's Ericsson ឫ Finland's Nokia បានមុនរហូតដល់ ១២ខែ។

គួរបញ្ជាក់ផងដែរថា Huawei គឺជាម៉ាកដែលស្ថិតក្នុងលេខរៀងទី៦៨ ក្នុងចំណោមម៉ាក ដែលមានតម្លៃបំផុតក្នុងពិភពលោក( Forbes World’s Most Valuable Brands) និងស្ថិតនៅលេខរៀងទី១២ ពី Brand Finance Global 500 នៅក្នុងឆ្នាំ២០១៩ ហើយគុណតម្លៃម៉ាក ( brand value) មានការកើនឡើង 63.7% បើប្រៀបធៀបពីឆ្នាំ២០១៨ ទៅ ២០១៩។ មិនតែប៉ុណ្ណោះ Huawei បានលក់ស្មាតហ្វូនក្នុងទីផ្សារ បានរហូតដល់ 200,000,00 គ្រឿងក្នុងឆ្នាំ២០១៨។
ទស្សនាការផ្សាយផ្ទាល់ពីកម្មវិធីសម្ពោធ៖