(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារ និងអភិរក្សសត្វដំរីនៅកម្ពុជា​ឲ្យបានគង់វង្ស ចៀសវាងការបរបាញ់សត្វដំរី ដែលសត្វមួយត្រូវតែរួមគ្នាអភិរក្សបន្ដទៀត។

សារអំពាវនាវរបស់ក្រសួងបរិស្ថាន បានធ្វើបន្ទាប់ពី សពដំរីព្រៃ១ក្បាលត្រូវបានគេប្រទះឃើញ ក្នុងចំការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមូលហេតុដោយការបាញ់ប្រហារពីសំណាក់ព្រានព្រៃ។ បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ក្រោយការកោសល្យវិច្ច័យរួចមកដំរីមួយក្បាលនេះ មិនមានភ្លុក និងកន្ទុយនោះទេ។

លោក ​នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះយ៉ាងដូច្នេះថា «ក្រសួងបរិស្ថាន ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ចូលរួមការពារ និងអភិរក្សសត្វដំរីនៅ​កម្ពុជា ឲ្យបានគង់វង្ស និងចៀសវាងការបរបាញ់សត្វដំរី។ រយៈពេល​៣​ឆ្នាំ ចុងក្រោយនេះ មានសត្វដំរីព្រៃចំនួន​៣​ក្បាលបានស្លាប់ នៅក្នុងព្រៃនៃខេត្តមណ្ឌលគិរី គឺដោយសារតែការបាញ់សម្លាប់ និងស្លាប់ដោយវ័យចាស់ជរា»។

អ្នកនាំពាក្យរូបនេះ ក៏បានឲ្យដឹងដែរថា ​នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី ត្រូវបានគេសន្និដ្ឋានថា មានសត្វដំរីព្រៃរស់នៅប្រមាណពី​១២០ ទៅ​១៧០​ក្បាល។ នៅប្រទេសកម្ពុជាទាំងមូល មានសត្វដំរីព្រៃសរុបប្រមាណ​៥០០​ក្បាល ដែលកំពុងរស់នៅក្នុងព្រៃនៃប្រទេសកម្ពុជា។

លោក នេត ភក្ដ្រា បានអះអាងថា សព្វថ្ងៃក្រសួងបរិស្ថាន បាននិងកំពុងការពារ និងអភិរក្ស​ប្រព័ន្ធតំបន់​ការពារធម្មជាតិ រួមមានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈច​ម្រុះ មានផ្ទៃដីទំហំប្រមាណ​៧,៥លានហិកតា (៤១% នៃផ្ទៃដីសរុបប្រទេសកម្ពុជា)។

សូមរំលឹកថា ​សត្វដំរី​ដែលត្រូវគេសម្លាប់នេះ ត្រូវបានក្រុមមន្ត្រីឧទ្យាននុរក្សប្រទះឃើញ នៅវេលាយប់​ថ្ងៃទី២៣ ខែកុម្ភៈ លុះឈានដល់ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបមន្ត្រីជំនាញ អាចនាំយកសម្ភារផ្សេងៗ ចូលទៅធ្វើកោសល្យវិច្ច័យ រកមូលហេតុនៃការងាប់របស់វាបាន។ ដំរីមួយក្បាលនេះ មានទម្ងន់ប្រហែល២តោន និងមានកម្ពស់២,៧០ម៉ែត្រ ប្រវែង៤,៥០ម៉ែត្រ ទទឹង១,៥០ម៉ែត្រ។

ក្រោយការធ្វើកោសល្យវិច្ច័យយ៉ាងល្អិតល្អន់ ទៅលើសពសត្វដំរីនៅថ្ងៃទី២៤ កុម្ភៈនេះ ក្រុមមន្រ្តីជំនាញបានរកឃើញថា សត្វដំរីនេះជាដំរីឈ្មោល មិនមែនដំរីញីនោះទេ និងមានស្នាមគ្រាប់កាំភ្លើង បាញ់ទៅលើវា១គ្រាប់ចំក្បាល ប្រវែងប្រហែល១ចង្អាមពីភ្នែក និងមានស្លាកស្នាមកាត់យកភ្លុកទាំង២របស់វា ព្រមទាំងកន្ទុយផងដែរ។

ខណៈនេះដែរមន្ត្រីជំនាញ ក៏កំពុងតាមដាន និងស្រាវជ្រាវ ដើម្បីវែកមុខជនពាក់ព័ន្ធ ជាមួយការបាញ់សត្វដំរីនេះមកផ្តន្ទាទោស។ ចំពោះសត្វដំរីដែលងាប់ខាងលើ និងត្រូវយកទៅកប់នៅកន្លែងសុវត្ថិភាពមួយ ដើម្បីរក្សាគ្រោងឆ្អឹងរបស់វា ទុកស្រាវជ្រាវជាបន្តទៀត សម្រាប់ការសិក្សាស្រាវជ្រាវ ជាផលប្រយោជន៍បែបវិទ្យាសាស្ត្រ ផ្នែកជីវចម្រុះ៕