(បាត់ដំបង)៖ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោកសាស្រា្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងប្រតិភូអមដំណើរ មានថ្នាក់ដឹកនាំមកពីក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យសកម្មភាពប្រជាពលរដ្ឋ មកទទួលចាក់ថ្នាំបង្ការជម្ងឺឆ្កែឆ្កួត និងមើលការសាងសង់អគារថ្មី នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខ និងកោតសរសើរអំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជូនដល់បងប្អូនជាថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិក នៃមន្ទីពេទ្យទាំងអស់ ដែលបានខិតខំផ្តល់សេវាសុខភាព ជូនដល់ប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ និងប្រកបដោយសីលធ៌មវិជ្ជាជីវៈល្អ។ នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានចុះពិនិត្យមើលក្រុមវិស្វករ ក្រុមជាងជប៉ុនខ្មែរនៅ ការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្កែកដែលកំពុងសាងសង់ថ្មី ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន។
លោករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកទាំងអស់ឲ្យខិតខំធ្វើការបន្ថែមទៀត ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយក្រមសិលធម៌ វិជ្ជាជីវៈ ជាគ្រូពេទ្យផ្តល់ទំនុកចិត្ត យ៉ាងកក់ក្តៅជូនពួកគាត់ឱ្យបានល្អជាប្រចាំ។ ជាក់ស្តែង មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតបាស្ទ័រ ប្រចាំខេត្តបាត់ដំបង បាននឹងកំពុងទទួលព្យាបាលចាក់ថ្នាំបង្ការជម្ងឺឆ្កែឆ្កួត ប្រជាពលរដ្ឋកំពុង សម្រុកមកចាក់ថ្នាំបង្ការដែលសត្វឆ្កែ សត្វឆ្មាបានខាំពួកគាត់ ដោយកំណត់ក្នុង១ថ្ងៃ១០០នាក់ ព្រឹក៥០នាក់ ល្ងាច៥០នាក់ តម្លៃសេវា១៥ដុល្លារ ដោយសារប្រជាពលរដ្ឋ បានសម្រុកមកច្រើនពេក មជ្ឈមណ្ឌលមានបុគ្គលិកតិចពេក។
លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត បានផ្តល់បុគ្គលិកមន្ទីរពេទ្យខេត្តមួយចំនួន មកជួយការងារនេះ ដើម្បីសម្រួលការងារឱ្យបានលឿន ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ នៅក្នុងឱកាសចុះពិនិត្យនេះដែរ លោករដ្ឋមន្រ្តី បានចូលសួរសុខទុក្ខសិក្ខាកាមដែលកំពុងប្រជុំត្រួតពិនិត្យ លទ្ធផលការងារប្រចាំឆ្នាំ២០១៨របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបងផងដែរ។
នាឱកាសនោះដែរ ប្រជាពលរដ្ឋដែលបានមកទទួលព្យាបាលចាក់ថ្នាំបង្ការជម្ងឺឆ្កែឆ្កួតទាំងអស់បានថ្លែង អំណរគុណដល់លោករដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់ ចុះមកសួរសុខទុក្ខដោយផ្ទាល់និងយកចិត្តទុកដាក់ពីសុខមាលភាពប្រជាពលរដ្ឋទូទៅផងដែរ៕