អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា៖ បរិយាកាសវិនិយោគនៅកម្ពុជា នៅតែមានសក្តានុពលល្អ បញ្ហា EBA មិនបានធ្វើឲ្យអ្នករកស៊ីរារែកចិត្តនោះទេ! (Video inside)
25-02-2019 17:39
(ភ្នំពេញ)៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកជំនួញមួយរូបនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងថា បរិយាកាសវិនិយោគនៅកម្ពុជា នៅតែមានសក្តានុពលល្អ ទោះបីមានដំណើរការឈានទៅរកការព្យួរ EBA ក៏ដោយ។
លោកឧកញ៉ាបញ្ជាក់ថា កត្តាដែលធ្វើអ្នកវិនិយោគមានជំនឿចិត្តនៅកម្ពុជា ដោយសារតែកម្ពុជាមានស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញ ជាមួយនឹងការធ្វើកំណែទម្រង់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្រួលដល់ការវិនិយោគផងដែរ។
ការលើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងឧកញ៉ា លឹម ហេង ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ក្នុងប្រធានបទស្ដីពី «ការបង្កើតតំបន់រដ្ឋបាលពិសេសតាមបណ្ដាលខេត្តជាប់ព្រំដែន ដើម្បីទាក់ទាញការវិនិយោគ និងកាត់បន្ថយថ្លៃដើម»។
លោកបានបញ្ជាក់ទៀតថា «សព្វថ្ងៃនេះកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការកែ ហើយកំពុងជួយកាត់បន្ថយថ្លៃដើមទៀត។ សភាពាណិជ្ជកម្មអឺរ៉ុប គេបានប្រកាសហើយថា បើទោះបីជាមានដំណើរការឈានទៅការព្យួរ EBA បែបនេះក្ដី ក៏គេនៅតែបន្តរកស៊ីនៅប្រទេសកម្ពុជាទៀត»។
លោកលើកឡើងទៀតថា «បញ្ហា EBA មិនបានធ្វើឲ្យអ្នករកស៊ីរារែកទេ។ ប្រទេសគេផ្សេងៗនៅតំបន់អាស៊ាន ក្រៅពីកម្ពុជា ឡាវ ភូមា មាននរណាទទួលបាន EBA ដូច្នេះហើយគេនៅតែវិនិយោគ។ ខ្ញុំជឿថា យើងនៅតែធ្វើបាន»។
ជាមួយនឹងការទាក់ទាញអ្នកវិនិយោគ និងកាត់បន្ថយថ្លៃដើមនៃការផលិត អនុប្រធានសភាពាណិជ្ជកម្មរូបនេះ បានផ្តល់ជាធាតុចូលចង់ឲ្យរាជរដ្ឋាភិបាលបង្កើតតំបន់រដ្ឋបាលពិសេស ឬតំបន់ស្វយ័តពិសេស និងបង្កើតតំបន់សហគ្រាសធុនតូច និងធម្យម (SMEs) ពិសេសផងដែរ៕