(ព្រះវិហារ)៖ ក្នុងស្មារតីចូលរួមថែរក្សាការពារធនធានធម្មជាតិឲ្យនៅគង់វង្ស លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានណែនាំដល់មន្ត្រីបរិស្ថានឈជើងការពារនៅតាមដែនអភិរក្សនានា ត្រូវការពារឲ្យបានកុំឲ្យដើមឈើដួល។ បើសិនជាដើមឈើត្រូវបានកាប់ដួលនោះ យើងត្រូវប្រឈមបាត់បង់ធនធានធម្មជាតិ និងបាត់បង់ដីធ្លីមិនខាន។
ជាមួយគ្នានោះ លោកក៏បានបញ្ជាដល់ មន្ត្រីជំនាញ និងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ត្រូវបង្ក្រាបរោងសិប្បកម្មអត់ច្បាប់ ពិសេសរោងសិប្បកម្មដែលនៅក្បែនិងដែនអភិរក្សជាដាច់ខាត។
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក អ៊ុន ចាន់ដា បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញនានា ដែលបានខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលល្អប្រសើរ។ ប៉ុន្តែទោះបីជាលទ្ធផល នៃការបង្រ្កាបរបស់យើងល្អប៉ុណ្ណា ក៏ដោយ ក៏អង្កការសង្គមស៊ីវិលមួយចំនួនតូច ដែលមាននិន្នាការប្រឆាំងនៅតែធ្វើការរិះគន់ មកលើយើងដ៏ដែល។ លោកអភិបាលខេត្ត បានលើកទឹកចិត្តឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវ ខិតខំអនុវត្តន៍បន្តទៅទៀត។
ដោយឡែក ចំពោះអaជ្ញាធរភូមិ-ឃុំ មិនត្រូវចេញលិខិតបញ្ជាក់លើការកាន់កាប់ដីព្រៃដោយខុសច្បាប់នោះទេ។ លោកអភិបាលខេត្ត ក៏បានណែនាំឲ្យបង្ក្រាបរោងសិប្បកម្មកែច្នៃឈើដែលឥតច្បាប់ ពិសេសរោងសិប្បកម្មដែលនៅក្បែរ និងដែនជម្រកដែនអភិរក្សតែម្តង។ ចំពោះរោងសិប្បកម្មដែលមានច្បាប់ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ពីប្រភពឈើ តើឈើនោះយកមកពីណា? ពីក្រុមហ៊ុនណា? មានប៉េសេដែរឬទេ។
ជាមួយគ្នានោះលោក អ៊ុន ចាន់ដា ក៏បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈជើងតាមបណ្តោយព្រំដែន សុំបន្តរក្សានូវភាពស្ងៀមស្ងាត់ និងរក្សានៅចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ជាមួយកម្លាំងភាគីថៃ-ឡាវ, ត្រូវរក្សាឲ្យបានល្អ មិនឲ្យផ្ទុះអាវុធ ឬបញ្ហាប្រឈមណាមួយ, ស្នើស្នងការ អធិការក្រុង ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ត្រូវពង្រឹងតួនាទីរបស់ខ្លួន ពិសេសពង្រឹងតួនាទីភារកិច្ចរបស់នគរបាលប៉ុស្តិ៍។ ពិសេសត្រូវថែរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនៅតាមភូមិ-ឃុំ ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំនុច៕