(ព្រៃវែង)៖ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញក្នុងពិធីបិទអនុសំវច្ឆរៈមហាសន្និបាត មន្ត្រីសង្ឃលើកទី២៧ ទូទាំងខេត្តព្រៃវែង ដោយមានការចូលរួមពី ព្រះមេគណ ព្រះអនុគណ ព្រះមន្រ្តីសង្ឃ និងព្រះថេរា-នុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានបញ្ជាក់ថា ព្រះពុទ្ធសាសនា ពិតជាបានរួមចំណែកក្នុងការកសាងសង្គមជាតិ ដូច្នេះលទ្ធផលទាំងឡាយ ដែលបានមកពីការពិភាក្សា សូមឲ្យមន្ត្រីសង្ឃគ្រប់ឋានានុក្រម ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងអស់នោះ ដើម្បីជាប្រទីបបំភ្លឺផ្លូវ សម្រាប់អប់រំចរិយាធម៌ដល់កុលបុត្រ កុលធីតា ពុទ្ធសាសនិកជំនាន់ក្រោយដោយឈរលើស្មារតីមេត្តា ករុណាធម៌ ឲ្យបានខ្ជាប់ខ្ជួនគ្រប់កាលៈទេសៈ។
ដើម្បីជាការរួមចំណែកក្នុងកម្មវិធីអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃ លើកទី២៧ទូទាំងខេត្តព្រៃវែងនាពេលនេះ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានដាក់ចេញនូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
*ទី១៖សូមគណៈសង្ឃខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នា សាមគ្គីគ្នាក្នុងជួរគណៈសង្ឃខេត្ត រួបរួមគ្នាបំពេញភារកិច្ចតាមឋានានុក្រម ដើម្បីបម្រើព្រះពុទ្ធសាសនា ក្នុងខេត្ត និងរួមចំណែកជួយដល់ការអភិវឌ្ឍប្រទេសជាតិ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
*ទី២៖សូមឲ្យគណៈសង្ឃគ្រប់ឋានានុក្រម សហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បំពេញព្រះភារកិច្ចរបស់ខ្លួនដោះស្រាយ និងរម្ងាប់អធិករណ៍ទាំងឡាយ ក្នុងពុទ្ធសាសនាឲ្យបានល្អ រក្សាបានតាមពុទ្ធប្បញ្ញត្តិ ពុទ្ធា-នុញ្ញាត អភិសមាចារ និងច្បាប់របស់រដ្ឋ ពិសេសត្រូវគោរពតាម ព្រះរាជសង្ឃប្រកាសមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៧ ក៏ដូចជាសារាចរណែនាំ និងសង្ឃប្រកាសនានា។
*ទី៣៖គណៈសង្ឃខេត្ត ត្រូវយកចិត្តទុកដាក់ពង្រីកការផ្សព្វផ្សាយព្រះធម៌ តាមរយៈកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គម» ដើម្បីជួយសតិអារម្មណ៍ ពុទ្ធបរិស័ទឲ្យប្រព្រឹត្តល្អ ប្រកាន់សច្ចធម៌ក្នុងសង្គម ជៀសវាងអំពើបាបគ្រប់ប្រភេទ។
*ទី៤៖សូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ត្រូវបន្តខិតខំយកចិត្តទុកដាក់ស្វាធ្យាយ រៀនសូត្រព្រះធម៌ព្រះវិន័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីប្រតិបត្តិឲ្យសមជាស្រែបុណ្យ សម្រាប់ជាទីសក្ការៈដល់ពុទ្ធបរិស័ទ។
និងទី៥៖ត្រូវមានការអធ្យាស្រ័យល្អជាមួយពុទ្ធបរិស័ទ ចេះរួមសុខរួមទុកជាមួយពុទ្ធបរិស័ទទូទៅ និងមិនប្រកាន់និន្នាការ ពណ៌សម្បុរ ឋានៈ អ្នកមានអ្នកក្រឡើយ៕