(ភ្នំពេញ​)៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩ ស្អែកនេះ តុលាការក្រុងភ្នំពេញ នឹងលើកយកសំណុំរឿងជនត្រូវចោទ ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងគូកនជាប់ពាក់ព័ន្ធ មកបន្តធ្វើការជំនុំជម្រះ។ សវនាការនេះ ដឹកនាំដោយ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានី និងជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ។

សវនាការនេះផងដែរ គឺធ្វើឡើង ដើម្បីពន្លឿនរឿងក្តីនេះ ឱ្យឆាប់បានបញ្ចប់ ក្នុងគោលបំណងរកយុត្តិដល់ជនរងគ្រោះ រួមទាំងសាច់ញាតិ ក្រុមគ្រួសារផងដែរ។​ នេះបើយោងតាមប្រភព ពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់មកអង្គភាព Fresh News កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ។

មន្ត្រីតុលាការដដែល បានឲ្យដឹងទៀតថា សំណុំរឿងជនត្រូវចោទ ឡាយ វណ្ណៈ និងគូកនជាប់ពាក់ព័ន្ធ មកបន្តជំនុំជម្រះ ដែលត្រូវលើកមកបន្តសួរដេញដោលនេះ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០១៩ គឺពាក់ព័ន្ធសំណុំរឿងឃាតកម្មសម្លាប់នាង ចេវ វឌ្ឍនា ដែលបានប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨។

សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលសវនាការ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ជនត្រូវចោទ ឡាយ វណ្ណៈ បានសារភាពថា ខ្លួនបានរួមរស់ស្នេហាជាមួយនាង ចេវ សុវឌ្ឍនា ដែលជាស្រីមេម៉ាយកូន៣ ក្នុងនាមគូស្នេហ៍ស៉ីជម្រៅ ប៉ុន្តែជារបៀបលួចលាក់ អស់រយៈពេលជាង១ឆ្នាំ រហូតដល់ថ្ងៃនាងស្លាប់។

ជនត្រូវចោទ ឡាយ វណ្ណៈ បានសារភាពទៀតថា ចំណងស្នេហារវាងលោក និងជនរងគ្រោះ បានកើតឡើង នៅអំលុងខែមិថុនា ឆ្នាំ២០១៦។ នៅក្នុងសវនាការសួរដេញដោល ជនត្រូវចោទ ឡាយ វណ្ណៈ បានរៀបរាប់ថា នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មុននាងស្លាប់១ថ្ងៃ ខ្លួនបានប៉ះសម្តីគ្នា ជាមួយជនរងគ្រោះ ព្រោះរឿងប្រច័ណ្ឌថា ខ្លួនមានស្រីក្រៅ។ នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដែលជាថ្ងៃកើតហេតុ ឡាយ វណ្ណៈ បានទៅជួបជនរងគ្រោះ នៅផ្ទះដែលខ្លួនជួលឲ្យស្នាក់នៅ ហើយពេលនោះ ឡាយ វណ្ណៈ និងជនរងគ្រោះបានឈ្លោះគ្នា ព្រោះតែនាងប្រច័ណ្ឌរឿងមានស្រីផ្សេងទៀត និងសុំឲ្យ ឡាយ វណ្ណៈ យកនាងធ្វើប្រពន្ធទី២ ដោយបើកចំហថែមទៀតផង។

ដោយសារតែនិយាយគ្នាមិនត្រូវ ទើបជនជាប់ចោទជិះឡានចេញពីផ្ទះនោះ ទៅពិនិត្យការងារសួននៅក្បែរវិមានឯករាជ្យ ក្នុងខេត្តតាកែវ ដែលពេលនោះនាង ចាន់រី អ្នកបម្រើជនរងគ្រោះ បានទូរស័ព្ទប្រាប់ខ្លួនថា ជនរងគ្រោះយកកាំបិត អារដៃ សុំឲ្យខ្លួនទៅមើលវិញ។ ដោយសារខឹងជនរងគ្រោះពេក លោកបាននិយាយតបតាមទូរស័ព្ទទៅនាង ចាន់រី ថា «បើវាចង់ងាប់ ឲ្យវាងាប់ទៅ ជារឿងរបស់វា។ អញមានការងារអញត្រូវធ្វើ»។

លុះព្រលប់បន្តិចនាង ចាន់រី បានហៅទូរស័ព្ទមកម្តងទៀតថា ជនរងគ្រោះបានចងកសម្លាប់ខ្លួនហើយ ទើបខ្លួនប្រើតៃកុងឡានឈ្មោះ ម៉េន សាម៉ៃ ឲ្យទៅមើល និងហៅទូរស័ព្ទប្រាប់មកវិញថា នាងពិតជាចងកស្លាប់មែន។
ឡាយ វណ្ណៈ បានបញ្ជាក់ទៀតថា ខ្លួនបានផ្តល់ដំណឹងនេះ ហើយក៏ហៅទូរស័ព្ទទៅ ឡាយ ណារិទ្ធ ជាបងប្រុស និងជាស្នងការរង ឲ្យទៅជួយមើលកន្លែងកើតហេតុ។

បើតាមមន្ត្រីតុលាការបញ្ជាក់ថា សវនាការដែលបានធ្វើឡើងពេញមួយព្រឹកនោះ បន្ទាប់ពី​តុលាការបានបើក​ការ​ស៉ើបសួរ​អស់​រយៈពេល​ជាង​៩​ខែ​រួច​មក ក្នុងសំណុំរឿង​ឃាតកម្ម​សម្លាប់​នារី ចេវ សុ​វឌ្ឍនា ហើយមាន​លោក​ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ​ និង​បក្ខពួក​៣​នាក់​ជា​ជនជាប់ចោទ​ បាន​ត្រូវ​តុលាការ​លើក​ យកមក​បើក​សវនាការ​ជំនុំជម្រះ​ នៅ​ថ្ងៃ​ទី​២៣ ​ខែ​មករា ​ឆ្នាំ​២០១៩។

​គួររំលឹកដែរថា លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៨ បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក​៣​នាក់​ទៀត ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត ត្រូវបាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះ​មិន​ជាប់​ពាក់ព័ន្ធ​។​

​ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់​រួមមាន​៖ លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ​, លោក ឡាយ ណា​រិទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ម៉េន សា​ម៉ៃ អ្នក​បើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និងឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅ​ផ្ទះ​នាង ចេវ សុ​វឌ្ឍនា​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​ ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​មានឈ្មោះ ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើក​ឡាន​ឱ្យ​លោក ឡាយ ណា​រិទ្ធ​។​

​លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ និងលោក ឡាយ ណា​រិទ្ធ អាយុ​៤៦​ឆ្នាំ ត្រូវជាប់ចោទប្រកាន់​ពីបទ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ចំណែក​ឈ្មោះ ម៉េន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និងឈ្មោះ ជឹម វុ​ធ ហៅ​ថូត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជាប់​ចោទប្រកាន់​ពីបទ​លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា​៥៣២ នៃក្រមព្រហ្មទណ្ឌ៕