(មណ្ឌលគិរី)៖ សពដំរីព្រៃ១ក្បាលត្រូវបានគេប្រទះឃើញ ក្នុងចំការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ មូលហេតុដោយការបាញ់ប្រហារពីសំណាក់ព្រានព្រៃ។ នេះបើតាមការអះអាងពីលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្ត និងលោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី២៥ ខែកុម្ភៈនេះ។
ក្រោយការធ្វើកោសល្យវិច្ច័យយ៉ាងល្អិតល្អន់ ទៅលើសពសត្វដំរីនៅថ្ងៃទី២៤ កុម្ភៈនេះ ក្រុមមន្រ្តីជំនាញបានរកឃើញថា សត្វដំរីនេះជាដំរីឈ្មោល មិនមែនដំរីញីនោះទេ និងមានស្នាមគ្រាប់កាំភ្លើង បាញ់ទៅលើវា១គ្រាប់ចំក្បាល ប្រវែងប្រហែល១ចង្អាមពីភ្នែក។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា ខណៈនេះដែរមន្ត្រីជំនាញ ក៏កំពុងតាមដាន និងស្រាវជ្រាវ ដើម្បីវែកមុខជនពាក់ព័ន្ធ ជាមួយការបាញ់សត្វដំរីនេះមកផ្តន្ទាទោស។ ចំពោះសត្វដំរីដែលងាប់ខាងលើ និងត្រូវយកទៅកប់នៅកន្លែងសុវត្ថិភាពមួយ ដើម្បីរក្សាគ្រោងឆ្អឹងរបស់វា ទុកស្រាវជ្រាវជាបន្តទៀត សម្រាប់ការសិក្សាស្រាវជ្រាវ ជាផលប្រយោជន៍បែបវិទ្យាសាស្ត្រផ្នែកជីវចម្រុះ។
សូមបញ្ជាក់ថា សត្វដំរីឈ្មោលដែលត្រូវគេសម្លាប់នេះ ត្រូវបានក្រុមមន្ត្រីឧទ្យាននុរក្សប្រទះឃើញ នៅវេលាយប់ជ្រៅថ្ងៃទី២៣ ខែកុម្ភៈ លុះឈានដល់ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបមន្ត្រីជំនាញ អាចនាំយកសម្ភារផ្សេងៗ ចូលទៅធ្វើកោសល្យវិច្ច័យ រកមូលហេតុនៃការងាប់របស់វាបាន។ ដំរីមួយក្បាលនេះ មានទម្ងន់ប្រហែល២តោន និងមានកម្ពស់២,៧០ម៉ែត្រ ប្រវែង៤,៥០ម៉ែត្រ ទទឹង១,៥០ម៉ែត្រ។
តាមរបាយការណ៍របស់មន្ត្រីជំនាញសត្វព្រៃ បច្ចុប្បន្ននេះនៅខេត្តមណ្ឌលគិរី មានសត្វដំរីព្រៃចន្លោះពី៣៧៥ក្បាល ទៅ៥០០ក្បាលកំពុងរស់នៅ ហើយជារឿយៗ ហ្វូងសត្វដំរីព្រៃទាំងនេះ តែងចូលមករកចំណីស៉ី ក្នុងភូមិអ្នកស្រុកផងដែរ។ នេះក៏មិនមែនជាលើកទី១ដែរ ដែលមានការប្រទះឃើញសាកសពសត្វដំរីព្រៃ ដោយកន្លងមកអ្នកល្បាតព្រៃ ក៏ធ្លាប់ប្រទះឃើញខ្មោចសត្វដំរី ក្នុងព្រៃច្រើនករណីដែរហើយ។
បន្ទាប់ពីមានករណីកើតឡើង លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ដល់មន្ទីរ ឬអង្គភាពពាក់ព័ន្ធក្នុងខេត្តនេះ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ
ជាពិសេសដូចជា បទល្មើសសត្វព្រៃគ្រប់ប្រភេទ។ លោកថា សុំមេត្តាបង្រ្កាបកុំលើកលែង និងឈានទៅស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនដែលប្រព្រឹត្ត យកមកផ្តន្តាទោសឲ្យខាងតែបាន៕