(ភ្នំពេញ)៖ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចូលគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។
លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong) បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលទទួលស្វាគមន៍ លោកប្រធានរដ្ឋវៀតណាម នៅព្រលានយន្តហោះ រួមមានដូចជា សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង, លោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទាំងឥស្សរជនមួយចំនួនទៀត។
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធានរដ្ឋ ក៏នឹងចូលថ្វាយបង្គំ សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោក ង្វៀន ហ្វ៊ូជុង នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកប្រធានរដ្ឋ ក៏នឹងអញ្ជើញចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន ជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួនផងដែរ។
សូមជម្រាបថា លោក Nguyen Phu Trong បុគ្គលទី១ ដែលមានអំណាចលើសគេនៅប្រទេសវៀតណាម បានឡើងកាន់តំណែងជាប្រធានរដ្ឋវៀតណាម កាលពីខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីអតីតរដ្ឋវៀតណាម លោក ត្រាន ដៃក្វាង (Tran Dai Quang) បានទទួលមរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅអាយុ៦១ឆ្នាំ។
នេះជាទស្សនកិច្ចលើកដំបូងរបស់លោកនៅកម្ពុជា បន្ទាប់ពីលោកឡើងកាន់តំណែងជាប្រធានរដ្ឋផ្លូវការ៕