(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសរុបថវិកាចំនួន៩២៥,៦៣០ដុល្លារ ដល់អង្គភាពចំនួន២ ក្រោមគ្រោងការណ៍ជំនួយឧត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅ រាជរដ្ឋាភិបាលជប៉ុន។
ពិធីចុះហត្ថលេខាសម្រាប់ការផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅស្ថានទូតជប៉ុន ក្នុងនោះភាគីជប៉ុន តំណាងដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ហើយភាគីអង្គការក្រៅរាជរដ្ឋាភិបាលជប៉ុនតំណាងដោយលោកស្រី យូមីកូ មីណាមី នាយិការរបស់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ ប្រចាំកម្ពុជា និងលោក ស៊ឹអិណាហ្គា ណូរិយ៉ូស៊ិ ប្រធានតំណាងអង្គការ JMAS។
*ទី១៖ គម្រោងសល្យសាស្រ្តកុមារ ប្រចាំខេត្តក្រចេះ និងការបោសសំអាតមីន និងគ្រាប់បែកចង្កោម (ឆ្នាំទី១) ថវិកាចំនួន២៣៧,៦៦៦ដុល្លារ។ អង្គភាពទទួលជំនួយ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិប្រចាំប្រទេសកម្ពុជា (FIDR)។
ក្នុងគម្រោងនេះ អង្គការ FIDR នឹងលើកកម្ពស់ទៅលើប្រព័ន្ធសល្យសាស្រ្តកុមារនៅក្នុងខេត្តក្រចេះ តាមរយៈការបណ្តុះបណ្តាលបុគ្គលិកពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តក្រចេះ និងមណ្ឌលសុខភាពក្នុងខេត្តក្រុង គោលបំណងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលមិនត្រឹមតែ ក្នុងការគ្រប់គ្រងមន្ទីរពេទ្យ និងប្រព័ន្ធ
សុខាភិបាលតែប៉ុណ្ណោះទេប៉ុន្តែដើម្បីពង្រឹងក្នុងការវិភាគរកឃើញជំងឺនៅចំណាក់កាលដំបូង និងការព្យាបាលផងដែរ។ អង្គការក៏នឹងធ្វើការទាក់ទងជាមួយសហគមន៍ រួមទាំងអ្នកជំងឺនិងគ្រួសាររបស់ពួកគាត់ ដើម្បីផ្តល់ការអប់រំផ្នែកសុខភាព។
*ទី២៖ គម្រោងផ្ទេរបច្ចេកទេសមេកានិចគ្រប់ជ្រុងជ្រោយក្នុងការបោសសម្អាតមីន ក្នុងខេត្តកំពង់ធំ (ឆ្នាំទី២) ថវិកាចំនួន៦៨៧,៩៦៤ដុល្លារ។ អង្គភាពទទួលជំនួយ៖ អង្គការសកម្មភាពកម្ចាត់មីនជប៉ុន (MAS)។
ក្នុងគម្រោងនេះ អង្គការ JMAS នឹងធ្វើការអភិវឌ្ឍលើបច្ចេកទេសមេកានិចក្នុងការបោសសម្អាតមីន ដោយប្រើម៉ាស៊ីនដោះមីន ម៉ាស៊ីនដោះគ្រាប់បែកចង្កោម និងដូននៅក្នុងពំបន់ដែលសម្បូរ ទៅដោយគ្រាប់ន និងគ្រាប់បែកចង្កោមនៅលាយបញ្ចូលគ្នា។ អង្គការ JMAS នឹងផ្ទេរវិធីសាស្រ្តបោសសម្អាតដែលមានប្រសិទ្ធិភាព និងមានសុវត្ថិភាពទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងគោលបំណងពង្រឹងសមត្ថភាព និងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ CMAC ក្នុងការធ្វើឱ្យប្រទេសជាតិមានសុវត្ថិភាព។
នៅក្នុងឱកាសនេះដែរលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងថា ជាដំបូង រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា២៣៨,០០០ដុល្លារ ដល់អង្គការ FIDR នៅក្នុងខេត្តក្រចេះ អង្គការនេះនឹងផ្តល់ ការបណ្តុះបណ្តាលដល់បុគ្គលិកពេទ្យ ដើម្បីពង្រឹងប្រព័ន្ធសល្យសាស្ត្រកុមារ ហើយផ្តល់ការអម់រំអំពីសុខភាព ដល់ប្រជាជនដែលរស់នៅក្នុងតំបន់ រួមទាំងអ្នកជម្ងឺ និងក្រុមគ្រួសសាររបស់ពួកគាត់។ តាមរយៈគម្រោងនេះលោកសង្ឃឹមថាអ្នកជម្ងឺកុមារដែលទទួលការវះកាត់នឹងអាចត្រូវបានរកឃើញ និងព្យាបាលនៅដំណាក់កាលដំបូង ហើយសុខភាពកុមារនៅក្នុងតំបន់នឹងបានប្រសើរឡើង។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានបន្តថា សម្រាប់អង្គការ JMAS រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាប្រមាណ៦៨៧,០០០ដុល្លារ។ អង្គការនេះនឹងផ្ទេរបច្ចេកទេស ក្នុងការប្រើម៉ាស៊ីនដោះគ្រាប់បែកចង្កោម និងដ្រូន នៅក្នុងតំបន់សម្បូរទៅដោយគ្រាប់មីន និងគ្រាប់បែកចង្កោមនៅលាយបញ្ចូលគ្នាទៅឱ្យ CMAC។ តាមរយៈគម្រោងនេះលោកសង្ឃឹមយ៉ាងមុតមាំថា ប្រជាជនដែលរស់នៅ ក្នុងតំបន់នឹងបានរួចផុតពីការភ័យខ្លាចនៃគ្រាប់មីន និងកាក់សំណល់ជាតិផ្ទុះ ហើយនឹងរួមចំណែកក្នុងការអភិវឌ្ឍក្នុងតំបន់បន្ថែមទៀត។
សូមជម្រាបថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៣៦លានដុល្លារអាមេរិក ដល់គម្រោងចំនួន១១៧ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន ក្នុងប្រទេសកម្ពុជា៕