(ព្រះសីហនុ)៖ ហេតុការណ៍ហិង្សាពេលចុះអនុវត្តន៍ដីការលើសំណុំរឿងដីធ្លីនៅក្នុងខេត្តព្រះសីហនុកាលពីខែមករា ឆ្នាំ២០១៩កន្លងទៅនេះ មន្ត្រីអាវុធហត្ថម្នាក់ និងយោធាម្នាក់ ដែលបានធាក់ និងយកកាំភ្លើងវាយប្រជាពលរដ្ឋ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈមន្ត្រីកងរាជអាវុធហត្ថមួយចំនួនទៀតត្រូវបានដាក់វិន័យ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងសន្និសីទព័ត៌មាននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក អេង ហ៉ី បានឲ្យដឹងថា ក្រោយពេលកម្លាំងជំនាញចុះស្រាវជ្រាវល្អិនល្អន់រួចមក ក្រុមប្រឹក្សាវិន័យរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចដាក់វិន័យទៅលើមន្ត្រីកងរាជអាវុធហត្ថចំនួន ៥នាក់ រួមមាន៖
ទី១៖ លោកវរសេនីយ៍ឯក ប៉ែន វិបុល ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ លោក អេង ហ៉ី បានលើកឡើងថា លោក ប៉ែន វិបុល មានកំហុសក្នុងការគ្រប់គ្រងបញ្ជាធ្វេសប្រហែសលើការបញ្ជាកងកម្លាំង ហើយមិនចាត់វិធានការនៅពេលឃើញមានអំពើហិង្សា ដែលកម្លាំងកងរាជអាវុធហត្ថ និងយោធិន ភ្លាមៗទេ ព្រោះក្នុងនាមយើងជាមន្ត្រីប្រតិបត្តិច្បាប់ គឺត្រូវតែឃាត់ រាល់សកម្មភាពប្រើហិង្សាទាំងឡាយ ដែលមន្ត្រីក្រោមឱវាទខ្លួនប្រព្រឹត្តខុសឆ្គង។ ផ្ទុយទៅវិញ លោក ប៉ែន វិបុល បែរជាមិនបានឃាត់នោះទេ។ រឿងនេះរូបគាត់ជាអ្នកទទួលទោស ដោយត្រូវក្រុមប្រឹក្សាវិន័យ ចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មវិន័យពាក់ព័ន្ធការធ្វើ «ការបន្ទោសដោយលក្ខខណ្ឌអក្សរ»។
ទី២៖ លោកព្រឹន្ទបាលទោ សុខ ធារិទ្ធ សមាជិកកងរាជអាវុធហត្ថ នៅខេត្តព្រះសីហនុ។ លោក សុខ ធារិទ្ធ ជាអ្នកឃើញនៅក្នុងរូបភាព ដែលធាក់បុគ្គលម្នាក់ទាំងដៃជាប់ចំណង។ អ៊ីចឹងកំហុសគាត់ គឺប្រើហិង្សាក្នុងពេលប្រតិបត្តិការ ហើយត្រូវដាក់វិន័យ គឺផ្អាកតំណែងក្នុងជំហានដំបូងចាប់តាំងពីថ្ងៃប្រព្រឹត្ត។ ជំហានបន្ទាប់នឹងប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធី។ ប៉ុន្តែចំណុចនេះ លោក អេង ហ៉ី បញ្ជាក់ថា រឿងតុលាការឃុំខ្លួន ឬបែបណានោះ ជាសិទ្ធសម្រេចរបស់តុលាការផុតដៃសមត្ថកិច្ចកងរាជអាវុធហត្ថ។
ទី៣៖ លោក ពុធ ចាន់ ជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ។ លោក ពុធ ចាន់ មិនបានប្រើហិង្សាទេ ប៉ុន្តែគាត់នៅជាប់កន្លែងកើតហេតុមានហិង្សាហ្នឹងដែរ។ ហើយក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ រូបគាត់ ក៏បានឃើញសកម្មភាពហិង្សាផ្ទាល់ភ្នែកហើយ បែរជាមិនឃាត់ខ្លួនបុគ្គលដែលប្រើហិង្សានោះ គឺទទួលវិន័យជាលាយលក្ខណ៍អក្សរ។
ទី៤៖ លោក សេក កុម្ភៈ ជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ។ លោក សេក កុម្ភៈ មិនគោរពបទបញ្ជា ដោយធ្វើការផ្ទុះអាវុធម៉ាកអាកា ហើយបានបាញ់ឡើងលើចំនួន៤គ្រាប់ គឺត្រូវទទួលវិន័យជាលាយលក្ខណ៍អក្សរ។
ទី៥៖ លោក ស៊ឹម វាសនា ជាជំនួយការការិយាល័យ និងជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ។ លោក សឹម វាសនា ក៏មិនគោរពដោយជាក់លាក់នូវបទបញ្ជា ហើយបានផ្ទុះអាវុធខ្លីម៉ាកសេអេស៩៨ ដោយបាញ់ឡើងលើចំនួន២គ្រាប់។
លោក អេង ហ៉ី បានឲ្យដឹងថា ក្នុងប្រតិបត្តិការចូលរួមអនុវត្តសាលដីកាតុលាការកំពូល កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ គឺមានកងកម្លាំងរាជអាវុធហត្ថ ១០០នាក់ ហើយមានអាវុធវែង ១០ដើម និងមានអាវុធខ្លី ៦ដើម។
ក្នុងសន្និសីទនេះលោក អេង ហ៉ី បានថ្លែងអះអាងថា គ្រាប់កាំភ្លើងដែលបាញ់ត្រូវជនរងគ្រោះ មិនមែនបាញ់ចេញពីកាណុងកាំភ្លើងរបស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុនោះទេ។ លោកបានគូសបញ្ជាក់ថា ក្បាលគ្រាប់ ដែលបាញ់ត្រូវជនរងគ្រោះជាប្រភេទអាវុធខ្លីម៉ាកកា៥៩ ហើយចុងគ្រាប់ ដែលបានវះយកចេញពីខ្លួនជនរងគ្រោះជាប្រភេទចុងគ្រាប់កែច្នៃ។ ចំណែកអាវុធខ្លីចំនួន ៦ដើម របស់កងរាជអាវុធហត្ថនៅពេលកម្លាំងជំនាញបានយកទៅបាញ់ធ្វើតេស្តរកក្បាលគ្រាប់ និងបានយកក្បាលគ្រាប់ទៅកោសល្យវិច័យ គឺពុំមានលក្ខណៈដូចគ្នានឹងក្បាលគ្រាប់ ដែលបាញ់ត្រូវជនរងគ្រោះនោះទេ។
អ្នកនាំពាក្យរូបនេះ បានលើកឡើងថា «ក្រុមប្រឹក្សាវិន័យ បានដាក់ទណ្ឌកម្មមន្ត្រីអាវុធហត្ថចំនួន ៥នាក់ ក្នុងនោះមានលោក សុខ ធារិទ្ធ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស ដោយសារគាត់បានប្រើហិង្សា ទៅលើប្រជាពលរដ្ឋម្នាក់ ដែលចងដៃទាំងពីរទៅក្រោយខ្នង ឬចងស្លាបសេកដេកពោបលើដី។ ចំណែកយោធាមួយរូបទៀត ដែលយកអាវុធអាកាបត់ ទៅវាយសំពងបុរសម្នាក់ នៅក្នុងពេលមានហិង្សានោះដែរ ក៏ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសដូចគ្នា។ ជនសង្ស័យទាំងពីរនាក់ខាងលើនេះ គឺកំពុងស្ថិតក្នុងការគ្រប់គ្រង របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ»។
លោក អេង ហ៉ី បានឲ្យដឹងដែរថា ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើង ហើយកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនោះ ពេលនេះបានធូរស្បើយខ្លះៗហើយ ប៉ុន្តែអវៈយវៈផ្នែកខាងក្រោម របស់ជនរងគ្រោះមិនទាន់អាចធ្វើចលនាបានទេ ហើយក្រុមគ្រូពេទ្យកំពុងបន្តយកចិត្តទុកដាក់ក្នុងការព្យាបាលជនរងគ្រោះ។
ដោយយោងតាមចម្លើយសារភាពរបស់មន្ត្រីអាវុធហត្ថ និងយោធាដែលប្រើហិង្សាលើប្រជាពលរដ្ឋរងគ្រោះ លោក អេង ហ៉ី បានបញ្ជាក់ថា ការប្រើហិង្សានោះដោយសារពួកគេមានកំហឹងខ្លាំងចំពោះប្រជាពលរដ្ឋបានបាញ់ចម្ពាមកៅស៊ូ និងគប់ដុំថ្មត្រូវចំពួកគេ ទើបបានប្រើអំពើហិង្សាតបទៅទៅវិញតែម្តង។
ក្នុងសន្និសីទកាសែតព្រឹកមិញនេះ លោក អេង ហ៉ី ក៏បានសុំទោសជាសាធារណៈជំនួសឲ្យមន្ត្រីអាវុធហត្ថ និងយោធា ជូនចំពោះជនរងគ្រោះ ដែលបានប្រព្រឹត្តសកម្មភាពមិនគប្បី និងខុសវិន័យ របស់កងកម្លាំង។
លោកបន្តថា ជាបន្តបន្ទាប់មកនេះ កងកម្លាំងទាំងអស់ បានឆ្លងកាត់ការអប់រំជាច្រើន ជាពិសេសរូបលោក និងក្រុមការងារ ក៏បានចុះអប់រំផ្ទាល់នៅទូទាំងប្រទេស ដោយបានណែនាំដល់ពួកគាត់ត្រូវយកតួនាទី ទៅបម្រើប្រជាជន ឬប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ហើយត្រូវចាត់ទុកប្រជាជនជាម្ចាស់ ព្រោះដោយសារតែប្រជាពលរដ្ឋជាអ្នកបង់ពន្ធជូនរដ្ឋ ដើម្បីបានលុយយកមកបើកប្រាក់ខែឲ្យកងកម្លាំងជារៀងរាល់ខែ។ ដូច្នេះមន្ត្រីអាវុធហត្ថត្រូវតែបម្រើពលរដ្ឋឲ្យបានល្អ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កម្លាំងចម្រុះខេត្តព្រះសីហនុ រួមមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា បានចូលរួមអនុវត្តសាលដីការបស់តុលាការកំពូលទាក់ព័ន្ធករណីដីធ្លី មានទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ មានទីតាំងជាប់របងវត្តអូរត្រេះ ឬតំបន់ពយម៉ាចូវ ចុងឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ។ អំឡុងពេលនោះ ក៏មានការប្រឈមដាក់គ្នារវាងកម្លាំងសមត្ថកិច្ចចម្រុះ ជាមួយប្រជាពលរដ្ឋ ដែលប្រមូលផ្តុំគ្នាតវ៉ាលើករណីវិវាទដីធ្លី នៅតំបន់នោះ។ បន្តបន្ទាប់មកក៏បានកើតមានអំពើហិង្សា និងឈានដល់កម្លាំងចម្រុះផ្ទុះអាវុធ ហើយមានប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់៕