(ភ្នំពេញ)៖ ធុរជនចំនួន ៩៣រូប ទទួលបានពានរង្វាន់ «សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» លើកទី៣។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ពានរង្វាន់នេះដោយផ្ទាល់ដៃជូនដល់ធុរជនទាំង ៩៣រូបនេះ ក្នុងឱកាសប្រារព្ធ «ទិវាជាតិទីក្រុងស្អាត»លើកទី៧ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រោយពីការប្រកាសដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំងលើកទី៣ មានបេក្ខភាពសរុបចំនួន ១៤៥ (កើនឡើង ១៣០% ធៀបនឹងលើកទី២ ឆ្នាំ២០១៧ ដែលមានត្រឹម ៦៣បេក្ខភាព) ដែលបានមកដាក់ពាក្យសុំចូលរួមប្រឡងប្រណាំងក្នុងប្រភេទរង្វាន់សរុបចំនួន ៣១០។
ជាលទ្ធផល ក្រោយពីក្រុមការងារបានធ្វើការពិនិត្យ វាយតម្លៃបឋមលើសំណុំឯកសារ និងបានចុះពិនិត្យផ្ទៀងផ្ទាត់ដល់ទីតាំងផ្ទាល់ គឺមានបេក្ខភាពចំនួន ៩៣ ដែលបានទទួលជ័យលាភីលើ ២១៣ប្រភេទរង្វាន់ រួមមាន៖
ទី១៖ រង្វាន់សម្រាប់ធុរកិច្ច ដែលមានស្នាដៃឆ្នើមខាងថែរក្សាអនាម័យ និងបរិស្ថាន (Environment Award) មានចំនួន ៦៥រង្វាន់។
ទី២៖ រង្វាន់សម្រាប់ធុរកិច្ច ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍ ៣Rs គឺការកាត់បន្ថយការប្រើប្រាស់ឡើងវិញ និងការកែច្នៃ (3Rs Award) មានចំនួន ២០រង្វាន់។
ទី៣៖ រង្វាន់សម្រាប់ធុរកិច្ច ដែលមានស្នាដៃឆ្នើមផ្នែកសុខុមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌ (Social Welfare and Cultural Heritage Award) មានចំនួន ៣៦រង្វាន់។
ទី៤៖ រង្វាន់សម្រាប់ធុរកិច្ច ដែលមានស្នាដៃឆ្នើមផ្នែកកន្លែងធ្វើការ ដែលមានភាពល្អប្រសើរ (Best Workplace Award) មានចំនួន ៥៣រង្វាន់។
ទី៥៖ រង្វាន់សម្រាប់សហគ្រិន ដែលមានស្នាដៃឆ្នើម (Entrepreneur Award) មានចំនួន ៤រង្វាន់។
ទី៦៖ រង្វាន់សម្រាប់ធុរកិច្ច ដែលមានស្នាដៃឆ្នើមក្នុងការប្រើប្រាស់ផលិតផលខ្មែរ (Khmer Product Usage Award) មានចំនួន ៣១រង្វាន់។
ទី៧៖ រង្វាន់សម្រាប់ធុរកិច្ចបៃតង ដែលមានស្នាដៃឆ្នើមខាងថែរក្សាឆ្នេរសមុទ្រ (Beach Eco-Label Awards) មានចំនួន ៤រង្វាន់។
សម្រាប់ឆ្នាំ២០១៩នេះ ក្នុងចំណោមជ័យលាភីទាំង៩៣រូបខាងលើ មានជ័យលាភីទទួលបានរង្វាន់ពិសេស ដែលចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន ៦២ជ័យលាភី និងជ័យលាភីទទួលបានរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ (តែ១ប្រភេទរង្វាន់) ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍មានចំនួន ៣១ជ័យលាភី។
ចំពោះរង្វាន់សម្រាប់ធុរកិច្ច ដែលមានស្នាដៃឆ្នើមក្នុងការប្រើប្រាស់ផលិតផលខ្មែរលើកនេះ មានការកើនឡើងដល់ ៣១ជ័យលាភី ដែលនេះជាការឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែររបស់ប្រតិបត្តិករទេសចរណ៍៕