(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបិទផ្សាយបញ្ជីឈ្មោះ ទីតាំងការិយាល័យបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានស្រង់សម្តីរបស់លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប ឲ្យដឹងថា ការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត គឺជាការងារដែល គ.ជ.ប ត្រូវរៀបចំក្នុងដំណាក់កាលនេះ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។
លោក ហ៊ែល សារ៉ាត់ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីឈ្មោះទីតាំង ការិយាល័យបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក ព.ជ.ប នៅសាលសន្និសីទ គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ។
លោក ហ៊ែល សារ៉ាត់ បន្ថែមថា ការបិទផ្សាយបញ្ជីទីតាំងការិយាល័យបោះឆ្នោត ត្រូវធ្វើនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅគណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) និងនៅសាលាឃុំសង្កាត់ទូទាំងប្រទេស និងមានផ្សព្វផ្សាយនៅគេហទំព័ររបស់ គ.ជ.ប ផងដែរ។ ចំពោះការងារចុះឈ្មោះបោះឆ្នោតវិញ លោកបានពន្យល់ថា ដោយសារការបោះឆ្នោតនេះ ជាការបោះឆ្នោតអសកល គឺមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងប៉ុណ្ណោះ ដែលជាអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ដូចនេះការចុះឈ្មោះបោះឆ្នោត ត្រូវធ្វើនៅតាមសាលាឃុំ សង្កាត់ តាមរបៀបស្រង់ឈ្មោះ បញ្ចូលទៅក្នុងបញ្ជីបោះឆ្នោត និងបញ្ជូនតាមឋានានុក្រមមក គ.ជ.ប។
កាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោត ត្រូវចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដែលក្នុងរយៈពេលនេះ ចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១៖ គឺដំណាក់កាលចុះឈ្មោះអ្នកបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ មានរយៈពេល១៣ថ្ងៃ ដោយមិនរាប់បញ្ចូលថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកកំណត់ដោយ រាជរដ្ឋាភិបាល និងដំណាក់កាលទី២៖ បញ្ជូនបញ្ជីឈ្មោះ ដែលបានរៀបចំរួចពីឃុំ សង្កាត់តាមឋានានុក្រម (ពីសង្កាត់ មកក្រុងស្រុក ខណ្ឌ និងមករាជធានី ខេត្ត រួចមក គ.ជ.ប) ដែលមានរយៈពេល៧ថ្ងៃ។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា គ្រប់ប្រតិភូគណបក្ស ដែលតំណាងចេញពី១៦គណបក្សនយោបាយ បានលើកឡើងនូវជំហរនយោបាយរបស់ខ្លួននីមួយៗគឺ៖ ឈរលើជំហរឯកភាព សាមគ្គីភាព ក្នុងកិច្ចស្ថាបនាប្រជាជាតិ ក្នុងស្មារតីខ្មែរតែមួយ ដោយបង្កើតបានវប្បធម៌ប្រជាធិបតេយ្យ ក្នុងកិច្ចគោរពលទ្ធផលនៃការបោះឆ្នោតសកល ដែលជាតំណាងឆន្ទៈភាគច្រើនលើសលប់ របស់ប្រជាពលរដ្ឋជាមួយនឹងការទទួលស្គាល់ ភាពជាក់ស្តែង នៃការដឹកនាំប្រកបដោយប្រសិទ្ធភាព និងថាមពល អង់អាចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
នៅក្នុងក្របខ័ណ្ឌនេះ ទើបប្រតិភូគណបក្សនីមួយៗ បានសម្រេចចិត្តចូលរួមកិច្ចសហការ ក្នុងទិសដៅរួមគ្នាកសាំងការពារ ប្រទេសជាតិ សន្តិភាព និងស្ថិរភាពនយោបាយ ដែលជាតម្លៃមហាសាលរបស់កម្ពុជា។ ក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺប្រមូលទិន្នន័យ អង្គហេតុ អង្គសេចក្តី តម្រុយ និងភស្តុតាងដ៏សកម្ម ដែលជាធាតុចូល ជូនដល់ប្រមុខរាជរដ្ឋាភិបាល ក្នុងកិច្ចដោះស្រាយ និងកសាង ពង្រឹងសង្គមជាតិឱ្យរឹតតែប្រសើរឡើង បន្ថែមទៀតទាំងគុណភាព និងប្រសិទ្ធភាព ប្រកបដោយកិត្តិយស និងមោទនភាពសម្រាប់ខ្មែរទាំងអស់គ្នា៕