(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះទៅផ្អាកការសាងសង់សំណង់របងរឹង រំលោភចូលដីចំណីផ្លូវ និងរុះរើសំណង់របងរំលោភ ចូលដីចំណីប្រឡាយពោងពាយមួយកន្លែងទៀតផងដែរ ក្រោយទទួលបានការដឹកនាំបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ទោះបីយ៉ាងណា នៅក្នុងប្រតិបត្តិការក្ដៅដឹកនាំដោយលោក ស៊ូ សោគន្ធ បានដកកម្លាំងចេញមកវិញនូវមួយសន្ទុះ ក្រោយធ្វើកំណត់ហេតុ រួចរាល់ជាស្ថាពរ ក្រោយម្ចាស់ទីតាំងបានស្នើសុំធ្វើរបង តាមការកំណត់បាញ់ «GPS» និងមួយកន្លែងទៀត បានឯកភាពរុះរើរបងព័ទ្ធចូលដីចំណី ប្រឡាយពោងពាយចេញដោយខ្លួនឯង ពីសំណាក់មន្ត្រីជំនាញ។
ប្រតិបត្តិការក្ដៅនេះ បានធ្វើឡើងចំនួន២ទីតាំងផ្សេងគ្នា ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ខណ្ឌឫស្សីកែវ នៅលើផ្លូវលេខ១៧០៣ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ពាក់ព័ន្ធកន្ទុយដីរបស់លោក ឌឿន សុវណ្ណ មន្រ្តីនគរបាលជាន់ខ្ពស់ម្នាក់នៅក្រសួងមហាផ្ទៃ និងមួយទីតាំងទៀតស្ថិតនៅ តាមបណ្ដោយផ្លូវបុរីអង្គរភ្នំពេញ ជាប់ប្រឡាយពោងពាយ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ពាក់ព័ន្ធជាមួយលោក ឃុន ហាំង ថ្នាក់ដឹកនាំនៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោក ស៊ូ សោគន្ធ បានបញ្ជាក់ថា នៅក្នុងកិច្ចសហការពីអាជ្ញាធរសង្កាត់-ភូមិ និងការិយាល័យជំនាញចំណុះរចនាសម្ព័ន្ធខណ្ឌនានា ក្នុងការវាស់វែងបាញ់ «GPS» ដើម្បីកំណត់ដីចំណីផ្លូវ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ និងការវាស់វែងកំណត់ទំហំដីចំណីប្រឡាយពោងពាយ គឺបានអនុវត្តតាមគម្រោងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ និងការណែនាំដោយរដ្ឋបាលរាជធានីភ្នំពេញ ពីសំណាក់លោក ឃួង ស្រេង ក្នុងគោលបំណងមិនឲ្យមានការបាត់បង់ ដោយរក្សាឲ្យបាននូវសភាពដើម៕