(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា ត្រូវជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធារ និងបន្តកសាងវិស័យពុទ្ធចក្រ និងអាណាចក្រ ឲ្យកាន់តែរីកចម្រើនជាបន្តទៀតផងដែរ។
ការលើកឡើងបែបនេះ ក្នុងឱកាសលោក ជាម ច័ន្ធសោភ័ណ តំណាងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពកាត់ខ្សែបូសម្ពោធរោងស្គរ និងផ្លូវក្រាលគ្រួសក្រហម១ខ្សែ ក្នុងវត្តសំរោងបុរី ហៅវត្តសំរោង ក្នុងឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលសមិទ្ធផលទាំងនេះក្រោមការជួយឧបត្ថម្ភពី លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោក ទេព ធន ប្រធានក្រុមការងារចុះជួយឃុំមង់រៀវ ឃុំជប់ និងឃុំជីគរ ព្រមទាំងសប្បុរសជនជិតឆ្ងាយ ដោយមានលោកតាលោកយាយ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង១,៦០០នាក់ផងដែរ។
លោក ជាម ច័ន្ទសោភ័ណ ក៏បានលើកឡើងថា បញ្ហាគ្រឿងញៀន ដែលតែងតែប៉ះពាល់យ៉ាងខ្លាំងដល់យុវជន យុវនារី ជាទំពាំងស្នងប្ញស្សីប្រទេសជាតិនោះ ថ្មីៗមានការបង្ក្រាបចាប់ឃាត់ខ្លួនយុវជនជាង ៣០០នាក់នៅរាជធានីភ្នំពេញ
ដោយឡែកត្រង់ចំណុចនេះ លោកបានសង្កត់ធ្ងន់ថា នឹងលុបបំបាត់ឲ្យអស់នូវបញ្ហាគ្រឿងញៀននេះ និងល្បែងស៊ីសងគ្រប់ប្រភេទឲ្យខានតែបានលើមូលដ្ឋានទឹកដីខេត្តត្បូងឃ្មុំ។
លោកអភិបាលខេត្តត្បូងឃ្មុំបានបន្តថា សមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំសម្រេចបានក្រោយថ្ងៃរំដោះ៧មករា ថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រ ថ្ងៃដែលនាំមកនូវសុខសន្តិភាពរហូតមកដល់សព្វថ្ងៃ ដោយប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា ដែលកូនខ្មែរគ្រប់រូបចង់ចាំមិនភ្លេច។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាពនេះ ជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីកម្ពុជាឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍន៍តរៀងទៅ។
លោក ជាម ច័ន្ទសោភ័ណ ក៏បានចូលបច្ច័យកសាងវត្ត និងទុកប្រើប្រាស់ទូទៅបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ក្នុងទីអារាមនេះ នូវថវិការចំនួន ២០លានរៀល ព្រមទាំងជូនថវិការដល់តាជីយាយជី១០០នាក់ ម្នាក់ៗទទួលបាន ១ម៉ឺនរៀល, លោកគ្រូអ្នកគ្រូបង្រៀន៤២នាក់ ម្នាក់ៗទទួលបាន ២ម៉ឺនរៀល, លោកគ្រូអ្នកគ្រូពេទ្យ១០ម៉ឺនរៀល, កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារចំនួន ២៧នាក់ ម្នាក់ៗ២ម៉ឺនរៀល និងសិស្សានុសិស្ស ក្នុងម្នាក់ប៉ិច២ដើម សៀវភៅ២ក្បាលផងដែរ៕