(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សាសកម្មភាពជនពិការ ជាសេនាធិការ និង រដ្ឋាភិបាល អូស្ត្រាលី កំពុងបង្កើតកម្មវិធីការងាររួមគ្នាមួយ គឺកម្មវិធី កិច្ចសហការរវាងកម្ពុជា-អូស្ត្រាលី ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌សម្រាប់ជនមានពិការភាព
ហៅកាត់ថា ACCESS ដែលនឹងជួយលើកកម្ពស់ជនមានពិការភាពនៅកម្ពុជា កាន់តែមានភាពស្មើមុខស្មើមាត់នៅក្នុងសង្គម។
ការរួមគ្នារវាងកម្ពុជា និងអូស្ត្រាលីនាពេលនេះ ធ្វើឡើងបន្ទាប់ពីមើលឃើញថា វិស័យពិការភាព រយៈពេលប៉ុន្មានចុងក្រោយនេះ ទទួលបានការគាំទ្រ និងទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ដែលធ្វើឱ្យស្ថានភាពជនមានពិការភាពនៅកម្ពុជា មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់។ នេះបើតាមការលើកឡើងរបស់ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ នៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់លើសកម្មភាពអាទិភាពទាក់ទងទៅនិងផ្នែកពិការភាព សម្រាប់កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បី ផ្តល់សេវាប្រកបដោយនិរន្តរភាព និង សមធម៌ រៀបចំនៅឯសណ្ឋាគារ HIMAWARI នាព្រឹកថ្ងៃទី២៥ ខែកម្ភៈ ឆ្នាំ២០១៩នេះ។
លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា កម្មវិធី ACCESS គឺជាកម្មវិធីចាត់អាទិភាព ពីផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពភាព ២០១៩-២០២៣ ដែលផែនការនេះ គឹជាការរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលអូស្ត្រាលី ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពជាតិកម្ពុជា ដើម្បី ជំរុញឱ្យវិស័យពិការភាពនៅកម្ពុជា កាន់តែមានភាពល្អប្រសើរឡើងថែមទៀត។ លោកបានបន្ថែមថា តាមការ គ្រោងទុកកម្មវិធី ACCESS នេះនឹងត្រូវអនុវត្តរយៈពេល ៣ ឆ្នាំ គឺឆ្នាំ ២០១៩-២០២១ ដែលនឹងត្រូវចំណាយថវិកាប្រមាណជាជាង២លានដុល្លារអារមិក ដែលថវិកានោះ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលអូស្ត្រាលី។
លោក ឯម ច័ន្ទមករា បានបន្ថែមឲ្យដឹងថា សិក្ខាសាលានាថ្ងៃនេះ ធ្វើឡើងដើម្បីត្រៀមរៀបចំប្រមែប្រមូលគំនិត និងធាតុជោរ ដើម្បីដាក់ឲ្យមានការ អនុវត្តគម្រោងកម្មវិធី ACCESS ក្រោយពេលសម្ពោធគម្រោងកម្មវិធី ACCESS នាខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។
គួរបញ្ជាក់ថា បើយោងតាមការធ្វើអង្គេត ថ្នាក់ជាតិប្រជាសាស្រ្ត និងសុខភាពឆ្នាំ២០១៤ របស់ក្រសួងផែនការ បានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា មានអត្រាជនមានពិការភាពប្រមាណ ៩,៥%នៃចំនួនប្រជាជនសរុប៕