Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមនិស្សិតសាកលវិទ្យាល័យភ្នំពេញ ចុះចែកសម្ភារសិក្សាដល់សិស្សជិត២០០នាក់ នៅសាលាបឋមសិក្សាវត្តបាណក នៅស្រុកបារាយ៍ ខេត្តកំពង់ធំ

25-02-2019 15:01

(កំពង់ធំ)៖ ក្រុមនិស្សិតទាំងបីជំនាន់ និងសាស្ត្រាចារ្យរួមទាំងព្រះសង្ឃ នៃសាកលវិទ្យាល័យភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានចុះចែកសម្ភារសិក្សា ដល់សិស្ស នៅក្នុងសាលាបឋមសិក្សា វត្តបាណក ជិត២០០នាក់ និងបានផ្តល់ធុងសំរាម ព្រមទាំងសម្ភារសិក្សាមួយចំនួន ដល់សាលាស្ថិតនៅក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ធី រដ្ឋា ប្រធានគម្រោងទស្សនកិច្ចសិក្សានេះ បានលើកឡើងថា ការចែកសម្ភារសិក្សានុសិស្ស នៅបឋមសិក្សាបាណក ក្នុងគោលបំណងអប់រំសិស្សលើការសិក្សា ផ្នែកអនាម័យ និងបរិស្ថាន ហើយគម្រោងដ៏សកម្មនេះ បានចូលរួមចំណែក ក្នុងការងារសប្បុរធម៍ និងសង្គមជាតិ។

លោកបានបន្តថា បន្ទាប់ពីទទួលបាននូវសម្ភារសិក្សាទាំងនេះហើយ សូមក្មួយៗ ជាសិស្សត្រូវតែខិតខំយកចិត្តទុកដាក់ ក្នុងការរៀនសូត្រ ដើម្បីក្រេបយកចំណេះដឹង ទៅធ្វើការអភិវឌ្ឍខ្លួនឱ្យក្លាយជាសិស្សល្អ មនុស្សល្អ ជៀសឱ្យផុត ពីអំពើអបាយមុខផ្សេងៗ ដែលច្បាប់ហាមឃាត់ ព្រោះថាក្មួយៗនេះហើយ ជាទំពាំងស្នងឬស្សី សម្រាប់បន្តវេនទៅថ្ងៃអនាគត។

លោក គង់ កុសល នាយកសាលាបឋមសិក្សា វត្តបាណក បានសម្តែងនូវការអរគុណ ចំពោះក្រុមនិស្សិតទាំងបីជំនាន់ ដែលបានផ្តល់ជាសម្ភារសិក្សា ដល់សិស្សបឋមជិត២០០នាក់ មានដូចជា សៀវភៅ ប៊ិច កាបូប និងចែកអាវយឺត ដល់សិស្សពូកែជាង១០នាក់។

លោកក៏សូមអំពាវនាវដល់សប្បុរជននានា ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមមេត្តាជួយសាង់សង់អាគារសិក្សាចំនួនមួយខ្នងទៀត ស្របពេលដែលវិស័យអប់រំ កំពុងតែមានការរីកចម្រើន នៅតាមមូលដ្ឋាននីមួយៗ និងដើម្បីបំពេញតាមតម្រូវសិស្ស កំពុងកើនឡើងជារៀងរាល់ឆ្នាំ រីឯសាលាបឋមសិក្សានៅវត្តបាណក បច្ចុប្បន្នមានត្រឹមតែបីបន្ទប់ ហើយសិស្សមានដល់ទៅ៦ថ្នាក់ លោកគ្រូ អ្នកគ្រូ មិនបង្រៀនសិស្សទៅតាមកម្មវិធី បានទាន់ពេលទេ ព្រោះខ្វះបន្ទប់រៀន ជាងពាក់កណ្តាល និងខ្វះសាលាមតេយ្យចំនួន២បន្ទប់ ទើបគ្រប់៕