(បាត់ដំបង)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះប្រគល់ផ្ទះចំនួន៦ខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជនចំនួន៦គ្រួសារ នៅឃុំព្រែកហ្លួង ស្រុកឯកភ្នំ ដែលមានជីវភាពខ្វះខាត។
ពិធីប្រគល់ផ្ទះនេះ ក៏មានការចូលរួមពី លោក ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក ឯក ក្រិត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងលោក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងថ្នាក់ដឹកនាំ ស.អ.ក ខេត្តផងដែរ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានលើកឡើងពីការយកចិត្តទុកដាក់របស់សម្តេចទាំងពីរ លើសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់សមាជិកអតីតយុទ្ធជនកម្ពុជា មិនដែលភ្លេចឡើយ ហេតុនេះបងប្អូនដែលទទួលបានផ្ទះរបស់សម្តេច ហ៊ុន សែន ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត លើកស្ទួយជីវភាពរស់នៅរបស់ខ្លួន ព្រោះមានលំនឹងហើយបន្ទាប់ពីបានទទួលផ្ទះនេះ។
ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ត្រូវគ្រប់គ្រងសមាជិក ស.អ.ក ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ពេលមានបញ្ហាអ្វីមួយត្រូវជួយដោះស្រាយជូនភា្លម ហើយត្រូវជំរុញការបើកប្រាក់បេឡាមរណៈសង្គ្រោះឲ្យបានទាន់ពេលវេលា និងបន្តធ្វើផ្ទះអំណោយរបស់សម្តេច ឲ្យរួចតាមផែនការដើម្បីប្រគល់ជូនសមាជិកបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោក អៀម កាន ជាជនពិការតំណាងបងប្អូនទាំង៦គ្រួសារ បានគោរពថ្លែងអំណរគុណសម្តេចទាំងពីរ ដែលផ្ដល់ផ្ទះជូនពួកគាត់ និងប្តេជ្ញាគោរព និងជឿជាក់លើការដឹកនាំរបស់សម្តេច ប្រឆាំងដាច់ខាតការប៉ុនប៉ងធ្វើបដិវត្តព័ណ៌ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ទណ្ឌិត សម រង្សី និងបក្ខពួកបើទោះបីជាពួកគាត់ចូលនិវត្តន៍ហើយក៏ដោយ៕