(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្មាំ២០១៩នេះ វត្តតាឡុក ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត បានរៀបចំពិធីសម្ពោធឆ្លង និងកាត់ឬសសីមា ព្រះវិហារវត្តតាឡុក ក្រោមព្រះអធិបតីភាព ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះរាជាគណ:ថ្នាក់ត្រី គណ:មហានិកាយនៃកម្ពុជា ដោយបានចំណាយថវិកាសាងសង់ ប្រមាណជាជាង២៥ម៉ឺងដុល្លារ ដែលជាការចូលរួមបច្ច័យ ពីពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។
នៅក្នុងពិធីសម្ភោធឆ្លង និងកាត់ឬស្សសីមា ព្រះវិហារវត្តតាឡុកនេះដែរ ក៏មានការចូលរួមពីឧត្តមសេនីយ៍ ខាត់ សារ៉ាត់ នាយប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងលោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនផងដែរ។
ព្រះគ្រូចៅអធិការវត្តតាឡុក បានមានសង្ឃដីកាថា ព្រះវិហារដែលត្រូវកាត់ឬសសីមា នាពេលនេះចំណាយថវិកាសាងសង់អស់២៥២,០០០ដុល្លារអាមេរិក ដែលបានមកពីការចូលរួមរបស់ពុទ្ធបរិស័ទជិត ឆ្ងាយជាពិសេសជាការចំណាយថវិការសាងសង ពីលោកឧត្តមសេនីយ៍ ខាត់ សារ៉ាត់ និងលោកស្រី សរ ពៅ ផងដែរ។
ព្រះតេជគុណបានមានសង្ឃដីកាទៀតថា រាជរដ្ឋភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខាងជំនឿ និងការគោរពពុទ្ធសាសនា និងសាសនាដទៃទៀត ដោយគ្មានការរើសអើង។
ព្រះតេជគុណបានមានសង្ឃដីកាឲ្យដឹងថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ហើយប្រជាជនកម្ពុជា ចាត់ទុកវិស័យព្រះពុទ្ធសាសនា គឺជាផ្នែកមួយ នៃអត្តសញ្ញាណជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យនេះដែរ ក៏មានពិធីរាប់បាត្រប្រគេនដល់ព្រះសង្ឃ១៥០អង្គ ដែលនិមន្តបិណ្ឌបាតជុំវិញព្រះវិហារផងដែរ៕