(ភ្នំពេញ)៖ នៅទីបំផុតស្ថាបនិកវ័យក្មេង លោកឧកញ៉ា ស្រី ចាន់ថន ធ្វើបានហើយក្នុងការអភិវឌ្ឍ កែច្នៃតំបន់វិហារសួគ៌ដែលជាអតីតសមរភូមិបង្ហូរឈាម ក្លាយជាតំបន់ទេសចរណ៍ស្អាត រមណីយដ្ឋានស្អាត បរិស្ថានស្អាត សេវាល្អ រហូលទទួលបានជ័យលាភីពានរង្វាន់ចំណាត់ថ្នាក់លេខ១ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្រាប់ធុរកិច្ចបៃតង។
ការប្រគល់ពានរង្វាន់នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិ ទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយស ផ្តល់ជូននូវពានរង្វាន់ពិសេស «រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍» លើកទី៧ ឆ្នាំ២០១៨-២០១៩ ជូនដល់លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក រមណីយដ្ឋានស្កាយលែន។
សូមជម្រាបថា ការប្រារព្ធទិវានេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការផ្តល់សេវាសាធារណៈ ប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលគឺជាទីកន្លែងដែល អាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រាកដសម្រាប់ការរស់នៅពួកគាត់៕