(បន្ទាយមានជ័យ)៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជាថ្ងៃគម្រប់ខួបកំណើត៦៣ឆ្នាំ ឈានចូល៦៤ឆ្នាំ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងរាស្រ្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី បានធ្វើបុណ្យដាក់ទានជូនលោកតា លោកយាយ និងប្រជាពលរដ្ឋ ចំនួនជាង៥០០នាក់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយលើកឡើងពីអនុស្សាវរីយ៍នានាដែលបានតស៊ូជាមួយគ្នា ក្នុងសម័យកាលកន្លងពិសេសសម័យសង្រ្គាម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ទោះជារបបនេះ បានរសាត់ទៅ៤០ឆ្នាំកន្លងទៅក្តី តែភាពឈឺចាប់សោកសង្រេង នៃការនិរាសន៍ព្រាត់ប្រាស់គ្រួសារ បងប្អូន ញាតិមិត្តហាក់នៅថ្មីៗ ក្នុងអារម្មណ៍នៅឡើយ។
ជាមួយនឹងអនុស្សាវរីយ៍ដ៏ជូរចត់នេះ លោក កែ គឹមយ៉ាន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន របបបអាវខ្មៅត្រូវបានរលំរលាយ ហើយអ្វីៗត្រូវចាប់ផ្ដើមពីចំណុចសូន្យ ប្រែក្លាយនាវាកម្ពុជាដ៏កំសត់មួយនេះ ទៅជាប្រទេសដែលមានកិត្តិយសស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេសផ្សេងៗ។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានកែលម្អពីមួយឆ្នាំ ទៅមួយឆ្នាំ តាមរយៈការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ី និងការខិតខំបណ្តុះបណ្តាល ធនធានមនុស្សដោយដាក់ពង្រាយសាលារៀនដល់ផ្ទះប្រជាពលរដ្ឋ បង្កការងាយស្រួលដល់កូនចៅបានរៀនសូត្រ មានចំណេះដឹង និងចូលរួមកសាងមាតុភូមិ ឲ្យរីកចម្រើនបានឆាប់រហ័ស ។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានបរិច្ចាកជាទេយ្យទាន ទេយ្យវត្ថុ បច្ច័យប្រគេនដល់ព្រះសង្ឃ និងចែកអំណោយ ដល់លោកតា លោកយាយ ប្រជាលរដ្ឋ រូមមាន ប្រគេនបច្ច័យកសាងវត្ត ១០,០០០ដុល្លារ, ចាក់បេតុងតាមមាត់ស្ទឹង ចំនួន៤០០ម៉ែត្រ និងបំពាក់អំពូលបំភ្លឺ ដើរដោយថាមពលពន្លឺព្រះអាទិត្យ, កសាងអគារសិក្សាបឋមសិក្សាផ្គាំ១ខ្នង មាន៥បន្ទប់, កសាងអគារសិក្សាបឋមសិក្សា ស្វាយចេក១ខ្នង មាន៥បន្ទប់, កសាងអគារទីចាត់ការអនុវិទ្យាល័យ ទ្រាស១ខ្នង, សាលាស្រុកសា្វយចេក ១លានរៀល, នគរបាលស្រុក៥០ម៉ឺនរៀល, កងរាជអាវុធហ្ថតស្រុក ៥០ម៉ឺនរៀល និងលោកតា លោកយាយ និងប្រជាពលរដ្ឋចំនួនជាង៥០០នាក់ផងដែរ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃការប្រារព្ធខួបកំណើតគម្រប់៦៣ឆ្នាំ ឈានចូល ៦៤ឆ្នាំរបស់ លោក កែ គឹមយ៉ាន មហាគ្រួសារអ្នកបន្ទាយមានជ័យ សូមជូនពរលោក និងលោកស្រី បុត្រា បុត្រី ចៅប្រុសស្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ ទទួលបានជោគជ័យបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល បន្តដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ៕