(កំពង់ធំ)៖ ដើម្បីចូលរួមថែរក្សានូវទំនៀមទម្លាប់វប្បធម៌ប្រពៃណី និងសម្បត្តិធម្មជាតិឲ្យបានគង់វង្សយូរអង្វែង ប្រជាពលរដ្ឋភូមិត្រពាំងថ្ម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រមាណជិត២០០នាក់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ បាននាំគ្នារៀបចំពិធីឡើងអ្នកតា និងបំបួសដើមឈើ នៅក្នុងព្រៃសហគមន៍ឃ្មុំស្រកថ្លុកឬស្សី ដើម្បីសុំសេចក្តីសុខ ព្រមទាំងសុំទឹកភ្លៀងដើម្បីស្រោចស្រព ភោគផលដំណាំផងដែរ។
លោក ហ៊ិន សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានលើកឡើងថា ការរៀបចំពិធីឡើងអ្នកតានេះ គឺមានតាំងពីយូរយារណាស់មកហើយ ហើយពេលនេះបងប្អូនប្រជាពលរដ្ឋ បានរៀបចំពិធីឡើងអ្នកតានេះ គឺដើម្បីជាកម្លាំងសាមគ្គីមួយក្នុងការបណ្ដេញនូវឧបទ្រពចង្រៃ និងដើម្បីសុំសេចក្តីសុខ ព្រមទាំងសុំទឹកភ្លៀងដើម្បីស្រោចស្រព ភោគផលរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏ជាទំនៀមទម្លាប់ប្រពៃណីវប្បធម៌ ដើម្បីរក្សាទុកឱ្យបានយូរអង្វែង ដល់ក្មេងជំនាន់ក្រោយបានដឹង បានឃើញនិងបានឮផងដែរ។
លោកបន្តថា ការឡើងអ្នកតា គឺជាការបង្ហាញដល់ចាស់ស្រុក ដែលបានទទួលមរណភាព ទៅរាប់រយឆ្នាំ គឺហៅថា អ្នកតាដោយលើកឈ្មោះមក ឧទ្ទិស ហើយការឡើងអ្នកតាដែរ គឺកាលណាមានរោងថ្មីគឺគេធ្វើពិធីដង្ហែជុំវិញរោថ្មី ៣ជុំ ដោយមានបទចម្រៀងផ្សេងៗ និងខ្លះមានគុនដាវ គុនដំបងជាដើម ហើយខ្លះកូនចៅអ្នកស្រុកមានការឈឺដង្កាត់ បានយកកូនចៅមកឲ្យអ្នករូបស្តោះផ្លុំ ដើម្បីឲ្យបានជាសះស្បើយ។ មួយទៀត នៅទីនេះដែលជាតំបន់ព្រៃឈើ គឺបានធ្វើពិធីបំបួសដើមឈើ ដែលជាគំនិតមួយរបស់ចាស់ស្រុក ដើម្បីឱ្យប្រជាពលរដ្ឋ បានថែទាំព្រៃឈើ ដោយយកស្បង់ ឬក្រណាត់មកព័ទ្ធជុំវិញដើមឈើ ក្នុងការថែរក្សាព្រៃឈើកុំឱ្យមានការកាប់បំផ្លាញជាដើម។
លោក អ៊ឹម គីម ជាសម្បត្តិ សមាជិកសហគមន៍ឃ្មុំស្រករថ្លុកឫស្សី បានរៀបរាប់ថា សហគមន៍របស់លោកបានក៏កើតនៅឆ្នាំ១៩៩៩ ដោយមានផ្ទៃដី ៦០១ហិចតា តែមិនមានអ្នកណាបានជួយនោះទេ ក៏ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៨ នេះក៏មានអង្គការ AFD បានឧបត្ថម្ភ និងរៀបចំឱ្យកើតជាសហគមន៍នេះឡើង ដោយឱ្យក្លាយជាតំបន់នេះជាតំបន់ទេសចរណ៍មួយ ហើយប្រជាពលរដ្ឋនៅតំបន់នោះ មានការស្រលាញ់ទើបបាននាំគ្នាមកចូលរួមថែរក្សា។
លោកបានបន្តថា ព្រៃឈើវាអាចជួយផ្តល់នូវទឹកភ្លៀង កាត់បន្ថយកំដៅ រួមទាំងការប្រមូលផលពីព្រៃឈើ ដូចជាផ្លែឈើវ័ល្ល បេះផ្សិត ជ័រ រួមទាំងដងជ័រ ពួកគាត់អាចរកប្រាក់ចំណូលគ្រប់រដូវកាល ក្នុងនោះក៏មានបញ្ហា ប្រឈមដោយសារមានជនខិលខូច លួចអាដើមឈើ។ លោកក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់ព្រៃឈើ ដែលជាធនធានធម្មជាតិ ទ្រព្យសម្បត្តិយើងទាំងអស់គ្នា ព្រោះវាជាអាយុជីវិតរបស់យើងទាំអស់គ្នា ។
សូមបញ្ជាក់ដែរថា បងប្អូនប្រជាពលរដ្ឋជាច្រើន នៅក្នុងភូមិនៅទីជិត ទីឆ្ងាយបាននាំគ្នាមកធ្វើពិធីនេះ ដោយចូលរួមជាកម្លាំងសាមគ្គី មានការដាំស្លជាដើម។ ការមកធ្វើពិធីនេះគឺដើម្បីសុំសេចក្តីសុខ ដើម្បីរៀបចំទីសក្ការៈបូជាក្នុងការដេញ ឧបទ្រពចង្រៃ ហើយចង់រក្សាព្រៃឈើនេះឲ្យបាន កូនចៅបានឃើញសប្បាយរីករាយ ក្លាយជាព្រៃតំបន់សហគមន៍ហើយចង់ឱ្យក្លាយ ជាតំបន់ទេសចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋមានចំណូល ទៅមុខនឹងមានភាពរីកចម្រើន៕