(ក្រចេះ)៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការខេត្ត រួមទាំងក្រុមហ៊ុនចិនសៀងហៃ (SCG) បានចូលរួមអមដំណើរពីទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិចិន (China International Development Cooperation Agency-CIDCA) នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យស្ថានភាព គម្រោងស្តារកំណាត់ផ្លូវជាតិលេខ៧ ពីខ្លាស្ទុះ ដល់រមៀត ប្រវែង ៩៣.៥៦គីឡូម៉ែត្រ ដើម្បីវាយតម្លៃ និងឈានដល់ការសម្រេចផ្តល់ឥណទានជំនួយឥតសំណង បន្តស្តារកំណាត់ផ្លូវ ដែលនៅសល់ប្រវែង ប្រមាណ៩៦គីឡូម៉ែត្រទៀតពីរមៀត ដល់ព្រំប្រទល់ឡាវ។
បច្ចុប្បន្នកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ បានជម្រុញឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យប្រព័ន្ធគមនាគមន៍ ដែលជាចរន្តសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសជាតិ បាន និងកំពុងអភិវឌ្ឍន៍រីកចម្រើនគ្រប់ទីកន្លែង ដែលបានតភ្ជាប់ពីរាជធានីទៅតាមបណ្តាខេត្ត-ក្រុង ស្រុក-ខណ្ឌ រហូតដល់ជនបទថែមទៀតផងដែរ។
ជាក់ស្ដែងកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចគីឡូម៉ែត្រលេខ៣៣១ (រង្វង់មូលខ្លាស្ទុះ) ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ រហូតដល់ចំណុចគីឡូម៉ែត្រលេខ៤២៤ ចំនុចឃុំអូរគ្រៀង ស្រុកសំបូរ ប្រវែង ៩៣.៥៦៥គម ត្រូវបានស្ដារឡើងវិញចាប់តាំពីខែមេសា ឆ្នាំ២០១៦ និងស្ថាបនាជួសជុលរួចរាល់ជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ។
ក្នុងដំណើរចុះទស្សនៈកិច្ចត្រួតពិនិត្យស្ថានភាព គម្រោងស្តារកំណាត់ផ្លូវជាតិលេខ៧ លោករដ្ឋលេខាធិការ លឹម ស៊ីដេនីន បានស្នើដល់ភាគីចិន ឲ្យសម្រេចផ្តល់ឥណទានជំនួយឥតសំណងបន្តជំហ៊ាន២ ដើម្បីស្តារកំណាត់ផ្លូវដែលនៅសល់ប្រវែងប្រមាណ៩៦ គីឡូម៉ែត្របន្ត ពីរមៀតដល់ព្រំប្រទល់ឡាវ។
លោកបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរថា ចំពោះភាគីចិនដែលបានផ្តល់ឥណទានជំនួយឥតសំណងស្ដារផ្លូវជាតិលេខ៧នេះ ល្អឥតខ្ចោះទាំងគុណភាព បរិស្ថាន និងបរិក្ខាផ្លូវមានគ្រប់គ្រាន់។
លោក លឹម ស៊ីដេនីន ក៏បានអំពាវនាវ ដល់ម្ចាស់អាជីវកម្ម ម្ចាស់យានយន្ត ធុនធំគ្រប់ប្រភេទ ដែលកំពុងចរាចណ៍ប្រើប្រាស់លើដងផ្លូវជាតិទាំងអស់ សូមកុំឲ្យដឹកជញ្ជូនផ្ទុកលើសចំនួនច្បាប់កំណត់ និងចូលរួមថែរក្សា ការពារនូវសមិទ្ធផលនានា ជាពិសេសសមិទ្ធផលផ្លូវជាតិលេខ៧នេះតែម្ដង ដែលជាជំនួយឥតសំណងលើកទី១របស់ចិនមកកម្ពុជា និងជាប្រយោជន៍សាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ នៅគង់វង្សបានយូរអង្វែង និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជាតិ ដែលកើតឡើងជាយថាហេតុផងដែរ៕