(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គាំទ្រការបង្កើតឲ្យមានចលនាប្រឡងប្រណាំង «វិថីម្ហូបអាហារ» ខណៈអនាម័យចំណីអាហារជារឿងសំខាន់សម្រាប់ភ្ញៀវទេសចរ។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ចលនានេះជាការរួមចំណែកលើកកម្ពស់អនាម័យម្ហូបអាហារតាមដងវិថី ហើយមួយវិញទៀត ដើម្បីលើកកម្ពស់សោភណ្ឌភាព នៅតាមដងវិថីនានាផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរកុំឲ្យទៅប្រមូលផ្ដុំគ្នានៅមួយកន្លែង។
សម្ដេចនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះដាក់ចេញនូវគោលដៅ ស្ដង់ដាវិថីម្ហូបអាហារ និងបង្កើតឲ្យមានការប្រកួតប្រជែង តាមវិថីនានាដែលលក់ម្ហូបអាហារ បើសិនជាវិថីនេះឆ្ងាញ់ពិសារ ទេសចរណ៍ច្បាស់ជាចូលចិត្តមកទាំងថ្ងៃទាំងយប់ ប៉ុន្ដែវិថីមួយទៀត បើសិនចង់បានឲ្យទេសចរណ៍ នៅណុងដែរទាល់តែប្រឹងសម្អាតផ្លូវ»។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏ណែនាំឲ្យប្រើប្រាស់វិស័យទេសចរណ៍ ដើម្បីជំរុញវិស័យកសិកម្មឲ្យឈានឡើងមួយកម្រិតទៀត ពោលនៅជុំវិញតំបន់ទេសចរណ៍ធំៗ ត្រូវខិតខំណែនាំប្រជាពលរដ្ឋឲ្យដាំបន្លែ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទៅតាមបណ្ដាសណ្ឋាគារសម្រាប់វិស័យទេសចរណ៍ ដែលចំណុចនេះមានសារសំខាន់ខ្លាំងណាស់។
សម្ដេច បានបញ្ជាក់យ៉ាងដូច្នេះថា «ប៉ុន្មានឆ្នាំរួចហើយ ដែលខ្ញុំនៅតែនិយាយម្ដងហើយម្ដងទៀត អំពីការខិតខំនាំចេញនៅនឹងកន្លែង សំដៅទៅដល់ការដែលប្រជាពលរដ្ឋរបស់យើង ខិតខំដាំដុះនៅបន្លែបង្ការ ផ្លែឈើ ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ឲ្យបណ្ដាសណ្ឋាគារ ដែលទទួលភ្ញៀវទេសចរ។ ចំណុចនេះមានសារសំខាន់ខ្លាំងណាស់ ដែលធ្វើឲ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចំណុចនេះបង្កើតបានការងារផង និងជាទីផ្សារសម្រាប់កសិករ សិប្បកររបស់កម្ពុជាផងដែរ។ សម្ដេចបន្ថែមថា អ្វីដែលយើងផលិតបាន ត្រូវតែខិតខំផលិតជៀសវាងការនាំចូល ហើយអ្វីដែលផលិតមិនទាន់បាន ត្រូវតែខិតខំស្រាវជ្រាវបន្ដទៀត៕