(តាកែវ)៖ ចំថ្ងៃទិវាជាតិទីក្រុងស្អាត អ្នកដឹកនាំសម្តែង ប៊ុន រតនា និង តារាសម្តែង លីឈី បាននាំយកនូវសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន ៥៣៦នាក់ និងអ្នកគ្រូលោកគ្រូចំនួន ២៥នាក់ ទទួលបាននូវសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ស្ថិតនៅ សាលាបឋមសិក្សាវត្តលើ ស្រុកគីរីវង្ស ខេត្តតាកែវ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ។
សម្រាប់លោក ប៊ុន រតនា ហៅសេម និង កញ្ញា លីឈី ត្រូវបានទទួលស្គាល់នៅលើបណ្តាញសង្គមហ្វេស ប៊ុកជាគូស្នេហ៍ចូលចិត្តរើសសំរាម និងស្រលាញ់នូវបរិស្ថាន ។
ជាញឹកញាប់ គូស្នេហ៍ដែលខាងប្រុសជាអ្នកដឹកនាំសម្តែងបទល្បីៗជាច្រើននៅក្នុងផលិតកម្ម ថោនជាពិសេសបទ «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» និងខាងស្រី ជាតារាសម្តែង និងជាពិធីការិនីក្នុងកម្មវិធី Happy Life Show ក្នុងស្ថានីយ៍ទូរទស្សន៍ថោន តែងតែដឹកនាំគ្នារើសសំរាមមិនថាទីជិតទីឆ្ងាយ ដោយភ្ជាប់ទៅជាមួយគោលដៅកម្សាន្តដែលបានទៅ ។
ជាក់ស្តែងនៅព្រឹកនេះដែរ ភ្ជាប់ដំណើរទៅកាន់ សាលាបឋមសិក្សាវត្តលើ ស្រុកគីរីវង្ស ខេត្តតាកែវ ថៅកែលក់ខោអាវនៅផ្សារថ្មីនិងគូស្នេហ៍ បាននាំយកសម្ភារៈសិក្សាជូនដល់សិស្សចំនួន ៥៣៦ នាក់ បានដឹកនាំសិស្សទាំងអស់ សម្អាតបរិស្ថាន ក្នុងទីធ្លាសាលា ។
លោក សេម ថា «ដូចបានដឹងស្រាប់ហើយពួកខ្ញុំទាំងពីរនាក់ ជាអ្នកដែលចូលចិត្តរើសសំរាម ដើម្បីសំអាតបរិស្ថាន ហើយការដឹកនាំហើយក្មេងៗ ទាំង ៥៣៦ នាក់រើសសំរាមនេះ ក្នុងគោលបំណងឲ្យពួកគាត់ចេះស្រលាញ់បរិស្ថាន ព្រោះថាក្មេងៗជាទំពាំងស្នងឬស្ស៊ី និងជាក្រដាសសមួយសន្លឹក អាចនឹងប្រឈមគ្រប់ពេល តែបើយើងបង្ហាញសកម្មភាពគំរូល្អបែបនេះទៅគាត់នឹងដកក្នុងអារម្មណ៍ចេះសម្អាត និងស្រលាញ់បរិស្ថាន ហើយនឹងបន្តសកម្មភាពទៅកាន់មិត្តភក្តិគាត់ផ្សេងៗទៀត» ។ លោកថា ផ្តើមចេញពីយើងម្នាក់ទៅមនុស្សម្នាក់ទៀត នោះបរិស្ថាន ប្រទេសរបស់យើង នឹងស្រស់ស្អាត ឲ្យវាសាកសមទៅនឹងពាក្យមួយឃ្លាថា បរិស្ថានស្អាត សុខភាពល្អ ។
លោក ប៊ុន រតនា និង កញ្ញា លីឈី បានបញ្ជាក់ថា សកម្មភាពរើសសំរាមនេះ ពួកខ្ញុំនឹងបន្តទៅកាន់កន្លែងផ្សេងៗទៀត ដោយមិនផ្អាកដំណើរនោះទេ ឲ្យសាកសមឈ្មោះពូសំរាម និង រាជនីសំរាម ៕