(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រាប់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវរៀបចំដាក់ Free Wifi នៅតាមបណ្ដាតំបន់ទេសចរណ៍ទូទាំងប្រទេស ពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម ឲ្យបានមុនឆ្នាំ២០២៣។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ដែលជាអ្នកនិយមប្រើប្រាស់អ៉ីនធើណេតម្នាក់ដែរនោះ ក៏បានក្រើនរំលឹកដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍តាមពិនិត្យឲ្យបានម៉ត់ចត់ទៅលើបញ្ហា Free Wifi ព្រោះការប្រើ Wifi នេះមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ ពោលមាន Wifi តែអត់មានអ៉ីនធើណេត។
ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីប្រារព្ធពិធី «ទិវាជាតិទីក្រុងស្អាត» លើកទី៧ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទន្ទឹមនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវបំពាក់ឲ្យមាន ហ្វី វ៉ាយហ្វាយ (Free Wifi) នៅតាមគោលដៅទេសចរណ៍នីមួយៗ ពិសេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងឲ្យបានមុនឆ្នាំ២០២៣។ ចំណុចនេះ ខ្ញុំក៏សូមទាក់ទាញឲ្យមានការយកចិត្តទុកដាក់ ព្រោះស្ថានភាពដែលយើងបានធ្វើនៅទីក្រុងភ្នំពេញ ប៉ុន្មានកន្លែងនេះហាក់ដូចជាមិនទាន់មានប្រសិទ្ធភាពទេ»។
ទន្ទឹមគ្នានេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ឲ្យម្ចាស់ទីតាំងសណ្ឋាគារ ឬកន្លែងផ្សេង មានការប្រុងប្រយ័ត្ននៅពេលជួលក្រុមហ៊ុនអ៉ីនធើណេត មកតម្លើង Wifi នៅទីតាំងរបស់ខ្លួនត្រូវការ ប៉ុន្ដែអ៉ីនធើណេតមិនដំណើរការ ហើយក្រុមហ៊ុនគិតលុយដូចធម្មតា។
សម្ដេចក្នុងនាមជាអ្នកនិយមប្រើអ៉ីនធើណេតម្នាក់ ក៏បានអះអាងថា នៅក្នុងកាបូបរបស់សម្ដេចមានដុំអ៉ីនធើណេតដល់ទៅ២គ្រឿង ដែលមិនចាប់សេវាក្នុងស្រុកនោះទេ ពោលចាប់ពីប្រព័ន្ធផ្កាយរណប ដើម្បីអនុញ្ញាតឲ្យសម្ដេចប្រើប្រាស់បាននៅគ្រប់ទីកន្លែង ពិសេសនៅតាមទីជនបទ។ ប៉ុន្ដែសម្ដេចហួសចិត្តថា កាលពីពេលកន្លងទៅ សម្ដេចទៅដល់អង្គការសហប្រជាជាតិ តែអត់មានអ៉ឺនធើណេតប្រើដែរ៕