(ភ្នំពេញ)៖ នៅទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៩៖០០ព្រឹក នាវាកងទ័ពជើងទឹកជប៉ុនចំនួន០២គ្រឿង បានមកដល់កម្ពុជាហើយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ នេះបើយោងតាម Facebook ផ្លូវការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំក្រកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន, បានឲ្យដឹងដែរថា នាវាជើងទឹកទាំង២ មានឈ្មោះថា «សេតូយុគិ» និង «ស៉ីម៉ាយុគិ» ដឹកនាំដោយវរនាវីឯក យ៉ូស៉ីយូគី ណាកាហ្គាម៉ា មេបញ្ជាការកងពលធំហ្វឹកហ្វឺនលេខ១ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងអំឡុងពេលនៃដំណើរហ្វឹកហ្វឺនលើលំហសមុទ្រ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងបន្តទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងទំនាក់ទំនងមិត្ដភាព រវាងប្រទេសជប៉ុននិងកម្ពុជា តាមរយៈកម្មវិធីផ្លាស់ប្ដូរផេ្សងៗ ក៏ដូចជាដើម្បីផ្ដល់ឱកាស ឲ្យនាយនាវិកកម្មសិក្សាការីចំនួន១០៩រូប ដែលទើបបានបពា្ចប់ការសិក្សា បានស្វែងយល់អំពីវប្បធម៌ និងវិស័យយោធានៅកម្ពុជា។
ក្នុងកំលុងពេលស្នាក់នៅកម្ពុជាវរនាវីឯក យ៉ូស៉ីយូគី ណាកាហ្គាម៉ា មានគម្រោងធើ្វទស្សនកិច្ចនៅរាជធានីភ្នំពេញ ដើម្បីចូលជួបសម្តែងការគួរសមជាមួយមេបញ្ជាការកងទ័ពជើងទឹកកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ។ វរនាវីឯក យ៉ូស៉ីយូគី ណាកាហ្គាម៉ា ក៏នឹងធើ្វទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាម សាលាខេត្ដព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែកុម្ភៈផងដែរ៕