(ព្រៃវែង)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហការជាមួយសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យសុខភាព និងព្យាបាលជំងឺ ជូនកម្មករនិយោជិត និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅវិទ្យាល័យប្រមូលព្រហ្ម ស្ថិតក្នុងភូមិក្រសាំងទង ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមានកម្មករនិយោជិត និងប្រជាពលរដ្ឋចូលរួមពិនិត្យសុខភាព និងព្យាបាលចំនួន៥៣២៤នាក់។
ពិធីដែលបានធ្វើនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានការចូលរួមពីលោកបណ្ឌិត ហេង សុខគង់ តំណាងលោក ហ៊ុន ម៉ានី តំណាងរាស្ត្រ និងប្រធានស.ស.យ.ក, លោក ហ៊ឺ ប៉ាវី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច, លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាអនុប្រធានក្រុមការងារ ចុះជួយឃុំល្វា ស្រុកព្រះស្តេច និងលោក ចាន់ រ៉ាន អភិបាលរងខេត្តព្រៃវែង តំណាងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោក ហ៊ី ប៉ាវី បានបញ្ជាក់ថា ក្រុមគ្រូពេទ្យដែលមកពិនិត្យព្យាបាលប្រជាពលរដ្ឋ គឺជាអ្នកដែលមានជំនាញ បទពិសោធន៍ជាឱកាសល្អ សម្រាប់ប្រជាពលរដ្ឋនៅស្រុកព្រះស្តេច ការទទួលបានសេវាសុខភាពដោយមិនគិតថ្លៃ ហើយនៅពេលអនាគត ក្រុមគ្រូពេទ្យ និងចុះទៅពិនិត្យព្យាបាល ពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅតាមឃុំ និងភូមិ ដែលនេះជាការយកចិត្តទុកដាក់ថែរក្សា សុខភាពជូនប្រជាពលរដ្ឋ ព្រោះសុខភាពមានតម្លៃណាស់។
លោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បាននាំការសួរសុខទុក្ខពី លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន មកជូនលោកយាយ លោកតា ពុក ម៉ែ មា មីង និងបងប្អូនកម្មករ និយោជិតទាំងអស់ និងបានលើកឡើងថា ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចំនួន៣២៨នាក់ ដែលសុទ្ធតែជាវេជ្ជបណ្ឌិតជំនាញ ភាគច្រើនបានបញ្ចប់ការសិក្សានៅក្រៅប្រទេស និងមានបទពិសោធន៍ជាច្រើនឆ្នាំ នៅតាមមន្ទីរពេទ្យធំៗនារាជធានីភ្នំពេញ បានចុះផ្តល់សេវាពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅស្រុកព្រះស្តេច ដោយមិនគិតថ្លៃ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគិតគូរ និងយកចិត្តទុកដាក់ពីសុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យ នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅ២១រាជធានី-ខេត្ត បានចំនួន៩២លើក។ គោលដៅសំខាន់ គឺបង្ខិតសេវាសុខាភិបាល ទៅដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសតំបន់ដាច់ស្រយាល និងឆ្ងាយពីសេវាសុខាភិបាលរបស់រដ្ឋ។
លោក ហេង សុខគង់ បានបន្ថែមថា សេវាដែលផ្តល់ជូនប្រជាពលរដ្ឋក្នុងឱកាសនេះ រួមមាន ជំងឺទូទៅ ជំងឺបេះដូង និងសសៃរឈាម ជំងឺមនុស្សចាស់ ជំងឺត្រចៀក ច្រមុះបំពង់ក ជំងឺភ្នែក ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺកុមារ វះកាត់តូច និងរោគសន្លាក់ ជំងឺមាត់ ធ្មេញ អេកូសាស្ត្រ រោគស្ត្រី និងពិនិត្យផ្ទៃពោះ ជំងឺតម្រងនោម មន្ទីរពិសោធន៍ចល័ត ពិនិត្យបឋម និងវាស់សំពាធឈាម អប់រំសុខភាពសាធារណៈ សេវាថែរក្សាក្រោយព្យាបាល (After Care Service)។
ជាមួយគ្នានេះ លោក សោម អូន ប្រធានសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយឃុំល្វា ស្រុកព្រះស្តេច បានលើកឡើងថា យោងតាមអនុសារណៈយោគយល់ MoU សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសហការជាមួយសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពដោយមិនបង់ប្រាក់ជូនកម្មករនិយោជិត និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តក្រុង។
លោកបានបន្ថែមថា នៅថ្ងៃនេះពិតជាមានមោទភាពណាស់ ដែលបានឃើញប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិតយ៉ាងច្រើនកុះករ បានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅថ្ងៃនេះ ដែលជាសកម្មភាពមួយ នៃកិច្ចការសង្គមហើយវាបានគួបផ្សំបន្ថែមមួយផ្នែកទៀត ទៅលើសេវាពេទ្យរបស់រដ្ឋ។
ដោយឡែក លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច ក៏បានថ្លែងអំណរគុណដល់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដឹកនាំដោយលោក សោម អូន បានសហការជាមួយសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ មានចំនួនជិត៦,០០០នាក់
ដោយឥតគិតថ្លៃ នៅក្នុងឃុំអង្គរាជនាពេលនេះ ដែលបង្ហាញពីការគិតគូរអំពីសុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះដែរ លោកអភិបាលស្រុកព្រះស្តេច បានសំណូមពរ ឲ្យមានសកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ និងព្យាបាលសុខភាពប្រជាពលរដ្ឋបានញឹកញាប់៕