(ឧត្ដរមានជ័យ)៖ ដោយសារតែជួបគ្រោះរាំងស្ងួតហួតហែង និងការកង្វះទឹកប្រើប្រាស់នោះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រជាពលរដ្ឋរចំនួនបីភូមិ នៅក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ បានសុំអំពាវនាវទៅដល់រដ្ឋមន្រ្ដី ក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ សូមជួយកសាងទំនប់បង្ហៀរទឹក ឬទ្វារទឹកបិទបើកទឹក ដើម្បីឱ្យពលរដ្ឋបានទឹកប្រើប្រាស់តាមតម្រូវការ។
ប្រជាពលរដ្ឋបានលើកឡើងថា អូរមួយខ្សែនៅចំកណ្ដាលភូមិ បើមានទំនប់បង្ហៀរ ឬក៏ទ្វារទឹក អាចប្រើប្រាស់ បានរហូតដល់ទៅបីភូមិឯណោះ គឺភូមិរំចេក ភូមិរំចេកខាងកើត និងរំចេកខាងលិច ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង។ ជារៀងរាល់ឆ្នាំ ទឹកអូរមួយនេះមានទឹកហូរជាប់រហូត ហើយថ្លាល្អ ងាយស្រួលនឹងប្រើប្រាស់ តែឆ្នាំនេះជួបគ្រោះរាំងស្ងួត ទើបរីងដាច់ទឹកជាអន្លើៗ និងទឹកដែលនៅក្នុងអូរមិនអាចប្រើការបានទេ។
ពលរដ្ឋបានបន្តថា ហេតុនេះទើបពួកគាត់ក៏បានដាច់ចិត្ត លើកដៃសំពះ សុំអំពាវនាវទៅដល់ រដ្ឋមន្រ្ដីក្រសួងធនធានទឹក ជួយកសាងទំនប់បង្ហៀរ ឬក៍ទ្វារទឹកជូនដល់ពួកគាត់ ទុកគ្រាន់សំរាប់បានទឹកប្រើប្រាស់ផង និងស្រោចស្រពផង ដើម្បីបម្រើឱ្យជីវភាព ទៅដល់ប្រជាពលរដ្ឋចំនួនបីភូមិនេះផង ដែលកំពុងតែជួបគ្រោះរាំងស្ងួត និងកង្វះទឹកប្រើប្រាស់។
លោក ញ៉ឺន គួន ប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា នៅតំបន់នោះមិនមានគំរោងទេ និងគ្មានកញ្ចប់ថវិកា និយាយយ៉ាងខ្លីថា អត់ប្រាក់តែម្ដង៕