(ភ្នំពេញ)៖ លោក ​ង្វៀង ហ៊្វូជុង (Nguyen Phu Trong)​​ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​ រយៈពេល២ថ្ងៃ ពី​​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩។

លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា អំឡុងពេលអញ្ជើញមកដល់ប្រទេសកម្ពុជា នៅរសៀលនេះ ប្រធានរដ្ឋវៀតណាម នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។

ក្រៅពីនោះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោកក៏នឹងចូលថ្វាយបង្គំ សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោក ង្វៀន ហ្វ៊ូជុង នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកប្រធានរដ្ឋ ក៏នឹងអញ្ជើញចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន ជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួនផងដែរ។

សូមជម្រាបថា លោក Nguyen Phu Trong​ បុគ្គលទី១ ដែលមានអំណាចលើសគេនៅប្រទេសវៀតណាម បានឡើងកាន់តំណែងជាប្រធានរដ្ឋវៀតណាម កាលពីខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីអតីតរដ្ឋ​វៀតណាម លោក ត្រាន ដៃក្វាង (Tran Dai Quang) បានទទួល​មរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨​​ នៅអាយុ​៦១ឆ្នាំ។

នេះជាទស្សនកិច្ចលើកដំបូងរបស់លោកនៅកម្ពុជា បន្ទាប់ពីលោកឡើងកាន់តំណែងជាប្រធានរដ្ឋផ្លូវការ៕