(កោះកុង)៖ ខណៈដែលក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានមកដល់សហគមន៍អេកូទេសចរណ៍ជីផាត និងបានជួបសម្ភាសជាមួយតំណាងសហគមន៍ លោក សូ លីហៀង ក៏បានទទួលនូវព័ត៌មានថា នៅក្នុសហគមន៍អេកូទេសចរណ៍នេះ មានកន្លែងពិសេសៗដល់ទៅ១៥កន្លែង ដែលបច្ចុប្បន្ន គឺជាមេដែកដ៏សំខាន់ក្នុងការស្រូបយកភ្ញៀវទេសចរឱ្យមកទស្សនា។
លោក សូ លីហៀង បានរៀបរាប់ថា សហគមន៍អេកូទេសចរណ៍ជីផាត មានកន្លែងស្រស់ស្អាតគួរឱ្យចង់ទស្សនាកម្សាន្តចំនួន១៥កន្លែង ក្នុងនោះរួមមាន៖ មើលថ្ងៃលិច មើលអំពិលអំពែកនាពេលយប់ និងជិះទូកចាក់បង្កងនៅតាមដងព្រែកជីផាត ផ្នូរបុរាណ និងពាងបុរាណ ដែលមានអាយុកាលជាង៥០០ឆ្នាំ រូងប្រចៀង អូរទឹកវេទ អូរពាមក្រវាញ អូរក្រូច អូរម្លូ វាលប្រាក់ វាលមាស ត្រពាំងកិត ដំណាក់ខុស ភ្នំត្រងោល ឆាយខ្ពស់ ឆាយជ្រៃជាដើម។
តំណាងសហគមន៍វ័យក្មេងរូបនេះបានបន្តថា ដោយសារមានការគាំទ្រពីសំណាក់ក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសអង្គការសម្ព័ន្ធមិត្តសត្វព្រៃ តែងតែជួយផ្សព្វផ្សាយអំពីកន្លែងទេសចរណ៍នានា នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត បានយ៉ាងផុសផុលទៅកាន់ទីផ្សារភ្ញៀវទេសចរ ទើបធ្វើឱ្យភ្ញៀវទេសចរ ពិសេសភ្ញៀវបរទេសបានមកទស្សនា នៅក្នុងសហគមន៍អេកូទេសចរណ៍នេះជារឿយៗ (ប្រមាណ៧០-៨០ភាគរយ) និងមានការកើនឡើងជារៀងរាល់ឆ្នាំ។
លោក លីហៀង បានបន្តទៀតថា មួយឆ្នាំៗ សហគមន៍អេកូទេសចរណ៍ជីផាត ទទួលបានភ្ញៀវទេសចរប្រហែលជាង៣,០០០នាក់ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរដែលមកទស្សនាសហគមន៍របស់លោក មានការកើនឡើងប្រមាណពី ១០-២០ភាគរយ។
បើតាមលោក សូ លីហៀង ភ្ញៀវមកពីក្រុមប្រទេសលោកខាងលិច និយមចូលចិត្តមកទស្សនាសហគមន៍អេកូទេសចរណ៍ជីផាតនេះណាស់ ពីព្រោះពួកគេចង់ស្វែងយល់នូវអ្វីដែលប្រជាពលរដ្ឋខ្មែររស់នៅ។ មួយវិញទៀត ពួកគេក៏ធ្វើដំណើរកម្សាន្តបែបធម្មជាតិ ឬបែបផ្សងព្រេងផងដែរ ដូចជាស្នាក់នៅ បោះតង់ ឬចងអង្រឹងក្នុងព្រៃ ពិសេសដំណើរផ្សងព្រេងតែម្ដង។
រីឯស្ថានភាពភ្ញៀវទេសចរជាតិវិញ មានប្រមាណតែពី ២០-៣០ភាគរយប៉ុណ្ណោះ នេះក៏ដោយសារបញ្ហាផ្លូវធ្វើដំណើរផង និងចំណង់ចំណូលចិត្តរបស់ពួកគាត់ផង ប៉ុន្តែលោក លីហៀង បានកត់សម្គាល់ថា នៅពេលមានបុណ្យទានម្ដងៗ ក៏មានភ្ញៀវក្នុងស្រុកមកទស្សនាច្រើនកុះករដែរ។
សូមជម្រាបថា សហគមន៍អេកូទេសចរណ៍ជីផាត ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងដើម្បីចូលរួមថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃជាដើម៕