(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន តំណាងរាស្រ្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបន្ដជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយនិវត្តន៍ជន ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងនិវត្តន៍ជន ចំនួនជិត៧០០នាក់ នៅខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ។
លោក កែ គឹមយ៉ាន បានថ្លែងកោតសសើរដល់បងប្អូនជានិវត្តន៍ជនទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ បន្សល់ទុកនូវ គំរូវិរភាពល្អៗ សម្រាប់ជាទុនដល់កូនចៅជំនាន់ក្រោយ ពិសេសបានបន្សល់ទុកនូវស្នាដៃបណ្តុះបណ្តាល នូវផ្នត់គំនិតសាមគ្គីភាព ឯកភាពផ្ទៃក្នុង កាន់ដៃគ្នាថែរក្សាបាននូវសុខសន្តិភាព ព្រមទាំងធ្វើដំណើររួមគ្នាកសាងបាននូវមូលដ្ឋានដែលរីកចម្រើនសម្បូរសប្បាយ។
ជាមួយនឹងការនឹករលឹក ជាទ្រនាប់ដៃ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បាននាំនូវអំណោយ និងថវិកាចែកជូនដល់និវត្តន៍ជន ចំនួន៤០០នាក់ ម្នាក់ៗទទួលបាន មី១កេស ប្រេងឆា១លីត្រ សារុង១ និងថវិកា២ម៉ឺនរៀល៕