(ក្រចេះ)៖ ប្រតិបត្តការចុះបង្ក្រាបទីតាំងអាជីវកម្មរ៉ែខុសច្បាប់ របស់អនុគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ (អាជីវកម្មរ៉ែអនាធិបតេយ្យ) ដឹកនាំដោយលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ ក្រោមការសម្របសម្រួលពីលោក ជា សុភក្ត្រ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត និងលោក សុខ គិរីរតន៍ ប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្ត ព្រមទាំងកងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ធ្វើឡើងរយៈពេល៣ថ្ងៃជាប់គ្នា ត្រូវបានបញ្ចប់ជាស្ថាពរនៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅចំណុចភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ប្រតិបត្តិការនេះគេសង្កេតឃើញថា អាជ្ញាធរជំនាញចុះមានវិធានការធ្ងន់ធ្ងរ ដល់ទីតាំងរណ្តៅរ៉ែខុសច្បាប់ទាំងនោះជាងកាលពីលើកមុន។
លោក សុខ គីរីរតន៍ ប្រធានមន្ទីររ៉ែ និងថាមពល បានបញ្ជាក់ថា វិធានការលើកនេះ គឺអាជ្ញាធរបានសម្រេចកម្ទេចចោលនូវរោងសិប្បកម្មតូចធំ ចូលទៅក្នុងរណ្តៅ និងបានកាយដីលុបរណ្តៅទាំងនោះចោលតែម្តង។ លោកថា មានរណ្តៅរ៉ែមាសធំៗជិត១០រណ្តៅ ត្រូវបានប្រើគ្រឿងចក្រកាយដីលុប រីឯរណ្តៅតូចៗ ត្រូវបានហៅម្ចាស់មក ធ្វើកិច្ចសន្យាអប់រំឲ្យបញ្ឈប់សកម្មភាពធ្វើអាជីវកម្មបន្តទៀត។
ប្រធានមន្ទីររូបនេះ បានអះអាងថា ដោយលទ្ធផល អាជ្ញាធរបានលុបរណ្តៅរ៉ែចោលទាំងស្រុងបាន០៨រណ្តៅ, ឈូសពង្រាបស្រះតូចៗ ដែលគេរក្សាទឹកទុក ធ្វើសកម្មភាពកិនដី និងថ្មរ៉ែបាន១២ស្រះ, ឈូសពង្រាបពុំនូកដីតូចចោល បាន២០ពុំនូក និងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអនាធិបតេយ្យ និងរុះរើឧបករណ៍ សម្ភារផ្សេងៗចេញពីទីតាំងក្នុងរយៈពេល១សប្តាហ៍។
ទោះបីជាបែបណា សកម្មភាពរបស់សមត្ថកិច្ចដែលតែងតែចុះបង្ក្រាបលើទីតាំងរ៉ែមាសជាច្រើន លើកច្រើនសារ ក៏ត្រូវគេមើលឃើញថា គឺហាក់មិនទទួលលទ្ធផលជាវិជ្ជមានសោះ។ ដោយសារទីតាំងរ៉ែនៅតំបន់នោះ ត្រូវបានគេនិយាយថា បានកើតមានជាយូរយាណាស់មកហើយ គឺតាំងពីមុន និងក្រុមហ៊ុនចិនមកវិនិយោគម្ល៉េះ៕