(ភ្នំពេញ)៖ បើនិយាយពីកិច្ចជំនួបកំពូលជាលើកទី២ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រំា និងប្រមុខដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្ដនៅទីក្រុងហាណួយ ប្រទេស វៀតណាមចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ចំពោះអ្វីដែលពិភពលោក ពិសេសបងប្អូនកូរ៉េទំាងពីរចង់ឃើញ ចង់ដឹង ចង់បាន ជាចម្បងបំផុតនោះគឺការមិនចង់ឮពាក្យ «ឆ្ងាយហួសពីជើងមេឃ» រវាងបងប្អូនទំាងពីរនេះឯង។ តើត្រំា និងគីម អាចធ្វើឲ្យបងប្អូនកូរ៉េទំាងពីរឈប់ឮពាក្យ «ឆ្ងាយហួសពីជើងមេឃ» បានដែរឬទេ?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយការរស់រវាងជនជាតិកូរ៉េទំាងពីរសព្វថ្ងៃនេះ ដែលរស់ក្នុងនាមជាពូជសាសន៍តែមួយ សាច់សាលោហិតតែមួយ គឺមិនខុសពីខ្មែរយើងនាសម័យខ្មែរក្រហម ដែលយើងតែងពោលថា «ឆ្ងាយហួសពីជើងមេឃ» នោះទេ ។ ដោយហេតុនេះអំពីកិច្ចជំនួបកំពូលនេះ ចំពោះគោលបំណងដ៏ចម្បងបំផុតរបស់បងប្អូនកូរ៉េទំាងពីរដែលចង់ដឹង ចង់បាន និងរងចំាទះដៃសាទរយ៉ាងអន្ទះសានោះ ថាតើកិច្ចជំនួបកំពូលនេះអាចឲ្យពួកគេឈប់ឮពាក្យ «ឆ្ងាយហួសពីជើងមេឃ» នេះឯង?
បានន័យថាអ្វីដែលបងប្អូនកូរ៉េទំាងពីរនេះ កំពុងទន្ទឹមរងចំាលទ្ធផលនោះ គឺការចង់ឃើញដល់ការរួបរួមរវាងប្រទេសកូរ៉េទំាងពីរនេះឯង។ ពីព្រោះមនុស្សយើង គឺគ្មានអ្វីសប្បាយចិត្ដជាងបងប្អូនឈប់ឈ្លោះគ្នានោះទេ។ ដោយហេតុថានៅលើពិភពលោកនេះគឺមាននៅតែប្រទេសកូរ៉េ ដែលបែកប្រទេសជាពីរ(ជើង-ត្បូង) ពុំទាន់បានបង្រួបបង្រួមគ្នា។ ក្រៅពីនេះប្រទេសវៀតណាម និងអាល្លឺម៉ង់គេបានបង្រួបបង្រួមគ្នាហើយ។
ស្ថិតក្នុងបរិការបង្រួបបង្រួមរវាងបងប្អូនកូរ៉េទំាងពីរនេះដែរ បើនិយាយពីកូរ៉េខាងត្បូងដែលមានអាមេរិកជាអ្នកគំាពារអធិបតេយ្យជាតិនោះ។ តើអាមេរិក មានចេតនាចង់ឲ្យមានការបង្រួបបង្រួមរវាងបងប្អូនកូរ៉េទំាងពីរនេះទេ? ត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ យល់ថាបើនិយាយពីភូមិសាស្រ្ដនយោបាយ គឺអាមេរិក ពិតជាមិនចង់ឲ្យមានការរួមគ្នានោះទេ។ ពីព្រោះបើប្រទេសកូរ៉េទំាងពីររួមគ្នា អាមេរិកអាចពិបាកមានលេសដើម្បីដាក់មូលដ្ឋានទ័ពនៅកូរ៉េខាងត្បូងដូចយើងឃើញសព្វថ្ងៃនេះណាស់។
ដោយហេតុថាចំពោះមូលដ្ឋានទ័ពអាមេរិកនៅកូរ៉េខាងត្បូងនេះ គឺដើម្បីទប់ឥទ្ធិពលចិន នៅតំបន់អាស៊ីយើងនេះ។ ហើយក៏ដើម្បីមើលប្រទេសជប៉ុនផងដែរ ពីព្រោះនៅជប៉ុនគឺមានចំនួនទ័ពតិច១៥០០នាក់ប៉ុណ្ណោះ ។ មានន័យថាអាមេរិកក៏ពុំសូវជាទុកចិត្ដជប៉ុន ប៉ុន្មានទេពីព្រោះជាសត្រូវចាស់ក្នុងការដណ្ដើមគ្នាធ្វើជាបងធំពិភពលោកកាលពីអតីតកាល។
ជាក់ស្ដែងបើឈរលើយុទ្ធសាស្រ្ដយោធានេះ មុនជំនួបកំពូលរវាងលោក ដូណាល់ ត្រំានិងលោក គីមជុង អ៊ុន ថ្មីៗនេះគឺកូរ៉េខាងត្បូង បានអនុញ្ញាត្ដឲ្យអាមេរិកមានមូលដ្ឋានទ័ពរហូតដល់២៨០០០នាក់ និងបន្ថែមលើថ្លៃរ៉ាប់រងដល់ជាង៩០០លានដុល្លារទៀតផងដែរ។ ត្រង់ចំណុចនេះកូរ៉េខាងត្បូង ហាក់យល់ចិត្ដថ្លើមអាមេរិក ដើម្បីឲ្យការចរចាទៅមុខ ហើយសូម្បីតែកូរ៉េខាងជើងក៏ពុំមានប្រតិកម្មអ្វីដែរ។
ដោយហេតុនេះបើឈរលើឆន្ទៈនយោបាយ ចង់បង្រួបបង្រួមរវាងបងប្អូនកូរ៉េទំាងពីរ។ម្យ៉ាងទៀតដោយអាមេរិកក៏បានដាក់មូលដ្ឋានទ័ពលើទឹកដីកូរ៉េយ៉ាងប្រពៃផងនោះ។ បើដូច្នេះចំពោះកិច្ចជំនួបកំពូលនេះលោក រត្ន័ សណ្ដាប់ មើលឃើញពីភាពវិជ្ជមានគឺ៖
ទីមួយ៖ កំណត់តំបន់គ្មានយោធា ដោយកំណត់ទំហំដើម្បីឲ្យប្រជាជនកូរ៉េទំាងពីរឆ្លងកាត់បើកទីផ្សាររកស៊ីជាមួយគ្នា ដើម្បីឲ្យមានការទុកចិត្ដគ្នាម្ដងបន្ដិចៗ ក្នុងការឈានទៅរកការរួបរួមគ្នា។ ពីព្រោះប្រទេសកូរ៉េទំាងពីរពុំមែនជាសត្រូវស្លាប់រស់ដូចពីមុន។
ទីពីរ៖ អាមរិក អាចចាត់ទុកករណីការរំសាយអាវុធបរមាណូលែងជាការចំាបាច់។ ពីព្រោះអាមេរិក សប្បាយចិត្ដដោយបានទុកកងទ័ពខ្លួននៅលើទឹកដីកូរ៉េដដែលដើម្បីទប់ឥទ្ធិពលចិន និងមើលជប៉ុន ផងដែរ។
បើដូចនេះសម្រាប់កិច្ចជំនួបកំពូលនេះ គឺប្រៀបបានជាការចាក់ផ្លូវគ្រួសក្រហមដើម្បីបន្ដឲ្យកូរ៉េទំាងពីរចាក់ផ្លូវបេតុងនាពេលអនាគត។ បើដូច្នេះចំពោះពាក្យ «ឆ្ងាយហួសពីជើងមេឃ» នេះប្រហែលជាពុំមាននៅប្រទេសកូរ៉េទំាងពីរនេះទៀតទេ។ ពីព្រោះគណបក្សនយោបាយកូរ៉េខាងត្បូងនីមួយៗ និងលើកយកការបង្រួបបង្រួមជាតិនេះ មកធ្វើជាកម្មវិធីនយោបាយដ៏សំខាន់បំផុត៕