(តាកែវ)៖ លោក ច័ន្ទ សារុន តំណាងរាស្ដ្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកត្រាំកក់ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញសម្ពោធឆ្លងស្រះទឹក និងសមិទ្ធផលនានា នៅវត្តឧត្តមសុរិយា ស្ថិតក្នុងឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដែលចំណាយថវិកាសរុបជិត៨ម៉ឺនដុល្លារ។
ក្នុងឱកាសនោះ តំណាងរាស្ដ្រ ច័ន្ទ សារុន បានថ្លែងថា សមិទ្ធផលនានាដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ត្រូវទុកជាសម្បត្តិជាតិ ជាពិសេសជាសមិទ្ធផលមួយដ៏ធំរបស់វត្តផងដែរ ហើយក៏អាចឆ្លុះបញ្ចាំងបានថា ស្រុកត្រាំកក់ ខេត្តតាកែវ មានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រផងដែរ។
លោក ច័ន្ទ សារុន បានបន្តថា ប្រទេសមួយដែលមានការអភិវឌ្ឍរីកចម្រើន លុះត្រាតែក្នុងប្រទេសនោះ មានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ប៉ុន្តែបើប្រទេសមិនមានសុខសន្តិភាព ប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពទេ ប្រទេសនោះក៏គ្មានការអភិវឌ្ឍរីកចម្រើនដែរ ដូច្នេះសុខសន្តិភាព ជាកត្តាចំបង ក្នុងការអភិវឌ្ឍប្រទេស។ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវចូលរួមថែរក្សា សន្តិភាព ដែលមាននៅក្នុងប្រទេសកម្ពុជា ឲ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅទៀត សម្រាប់អគនាគតកូនចៅទំាងអស់គ្នា។
ជាមួយគ្នានេះ លោកតំណាងរាស្ដ្រ ក៏បានចូលបច្ច័យបុណ្យចំនួន២,០០០,០០០រៀល, ថ្លៃរៀបចំជណ្តើរស្រះទឹកចំនួន២,៩៣៥ដុល្លារ, លោកគ្រូ អ្នកគ្រូ ៧៥នាក់ទទួលបានថវិកា២០,០០០រៀល និងសារុង១ម្នាក់, តាជីយាយជី៨០នាក់ ទទួលបានក្រណាត់ស១ដុំ និងថវិកា១០,០០០រៀល, សិស្សានុសិស្ស១៥០នាក់ ទទួលបានសៀវភៅ១ក្បាល ប៊ិច១ដើម និងថវិកា៥,០០០រៀល៕